ប្រជាពលរដ្ឋ អាចធ្វើដំណើរទៅមក តាមរថយន្តក្រុងសាធារណៈ ពីស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយ​ប៉ែត ដោយមិនគិតថ្លៃ ក្នុង៣ខែដំបូង។

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់ឲ្យដំណើរការសេវារថយន្តក្រុង សាធារណៈ នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាលើកដំបូងរបស់ខ្លួន។ ខ្សែ​រថយន្ត​ក្រុង​សាធារណៈដាក់ឲ្យដំណើរការ ទៅមកពី ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយ​ប៉ែត ដោយមានរថយន្តសាធារណៈចំនួន ១៥គ្រឿង ក្នុងរយៈពេល ២០នាទីម្ដង ។ នេះ​បើ​តាមការលើកឡើងរបស់ ​​លោក អ៊ុំរាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែលបានថ្លែក្នុងកម្មវិធី ដាក់ឲ្យប្រើប្រាស់សេវេរថយន្តក្រុងសាធារណៈ។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បន្តឲ្យដឹង​ថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នេះដោយ​ឥត​គិត​ថ្លៃ​​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង ទៅ​មក​រវាង ​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​ ។ បន្ទាប់ពីបីខែដំបូង នឹងគិតថ្លៃ ២០០០រៀលក្នុងម្នាក់។

លោក អ៊ុំ រាត្រី សង្ឃឹម​ថាសេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ កាត់​បន្ថយ​ចំណាយនិង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍តាម​ដង​ផ្លូវ​នៅ​កម្ពុជា​។ 

សូមបញ្ជាក់ដែរថា ​រាជធានី​ភ្នំពេញបានដាក់ឲ្យដំណើរការ រថយន្តក្រុងសាធារណៈកាលពី ឆ្នាំ ២០១៤ មកម្ល៉េះ ៕