ក្រុងព្រះសីហនុ៖ នាវាចម្បាំង HMAS Anzac នឹងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលជាផ្នែកមួយនៃ សកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ IPE 21។ 

យោងតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះគឺជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារបរិបទនៃជំងឺកូវីដ-១៩។

នាវា HMAS Anzac នាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ 

ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡានដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ៕