ធនាគារពិភពលោកបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ជាមួយនឹងការព្យាករថានឹងមានកំណើន ៦,៦ ភាគរយនៅឆ្នាំ ២០២១ ។

របាយការណ៍នេះបាននិយាយ នៅក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយនៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រថា កំណើននេះនឹងផ្អែកលើលទ្ធផលនៃការនាំចេញដ៏ខ្លាំងក្លា និងការងើបឡើងវិញនៃវិស័យផលិតកម្មនិងសេវាកម្ម។

របាយការណ៍បាននិយាយថា ប្រទេសវៀតណាមនិងប្រទេសចិនគឺជាប្រទេសពីរ ដែលមិនសូវរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ដោយបានដាក់ចេញនូវវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើង ៨,១ ភាគរយនៅឆ្នាំនេះ ខណៈតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលនៅសល់ត្រូវបានរំពឹងថានឹងកើនឡើងត្រឹម ៤,៤ ភាគរយប៉ុណ្ណោះ។

របាយការណ៍ក៏បានបញ្ជាក់ផងដែរថា បណ្តាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញ និងទេសចរណ៍នឹងជួបប្រទះការពន្យាពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច។

ស្ថាប័នជាច្រើនទៀត បានបង្ហាញទស្សនៈសុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំ ២០២១។ ធនាគារ Standard Chartered Bank បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងកើនឡើង ៧,៨ ភាគរយនៅឆ្នាំនេះដោយការផលិតបានជំរុញឱ្យមានការងើបឡើងវិញ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ពីកំណើន ៦,១ ភាគរយ, IMF, ៦,៥ ភាគរយ, និងធនាគារ HSBC ៧,៦ ភាគរយ៕ VN Express