ភ្នំពេញ ៖ ក្រោយការប្រកាសពីការសម្រេចចិត្តបញ្ចប់ការអនុវត្តលើការព្យួរផ្នែកមួយនៃប្រពន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA លើកម្ពុជាពីសំណាក់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស និងចាប់អនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យចាប់ពីដើមខែមករា ឆ្នាំ២០២១ខាងមុខនេះ កម្ពុជានឹងមានឱកាសពង្រីកទំហំពាណិជ្ជកម្មរបស់ខ្លួន ខណៈដែលទទួលបានការអនុគ្រោះ GSP ទាំងស្រុងពីសំណាក់ចក្រភពអង់គ្លេស។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងរយៈពេល១១ ខែឆ្នាំ២០២០នេះ សម្រេចបាន ៨១៣លានដុល្លារ ដោយក្នុងនោះកម្ពុជាបានធ្វើការនាំចេញទៅកាន់អង់គ្លេសមានទំហំ៧៦៦លានដុល្លារ ហើយអង់គ្លេសនាំចូលមកកាន់កម្ពុជាមានទំហំ ៤៦លានដុល្លារតែប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំង២សម្រេចបានប្រមាណ ១០៥៧លានដុល្លារ ហើយក្នុងនោះកម្ពុជាបាននាំចេញទៅអង់គ្លេសមានទំហំ៩៧៧ ហើយអង់គ្លេសនាំមកកម្ពុជាមានទំហំ ៨០លានដុល្លារ។
ដោយឡែកជាមួយនឹងទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីសំណាក់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលនឹងចាប់អនុវត្តនៅដើមឆ្នាំក្រោយនេះ វាគឺជាចំណែកមួយយ៉ាងសំខាន់សម្រាប់កម្ពុជាដែលទទួលបានប្រយោជន៍តាមរយៈការបង្កើនលទ្ធភាពនៃការនាំចេញរបស់ខ្លួនឱ្យកាន់តែច្រើន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា “នៅពេលអង់គ្លេស-កម្ពុជា ចាបអនុវត្តន៍ទៅតាមកិច្ចសន្យា និងការព្រមព្រៀងដូចបានលើកឡើងខាងលើនេះ វាជារឿងល្អរបស់កម្ពុជា ព្រោះរដ្ឋាភិបាលអង់គ្លេសមិនអនុវត្តដូចសហភាពអឺរ៉ុបដែលបានព្យួរ២០ភាគរយសម្រាប់កម្ពុជានោះទេ។ យើងទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធពីអង់គ្លេស (GSP) ដូចដែលគាត់បានសន្យាក្រោយពីការដកខ្លួនចេញពីសហភាពអឺរ៉ុប”។
លោកឧកញ៉ាបានបញ្ជាក់ថា “សម្រាប់ប្រព័ន្ធអនុគ្រោះពន្ធដែលអង់គ្លេសអនុគ្រោះដល់យើងនៅពេលនេះ អាចហៅថាជាជំហានមួយសម្រាប់ការបើកផ្លូវនៅអឺរ៉ុបដែរ ព្រោះអង់គ្លេសជាប្រទេសសេដ្ឋកិច្ចខ្លាំង ហើយយើងអាចនាំទំនិញចេញទៅអង់គ្លេសដោយរួចពន្ធ១០០ភាគរយ ដែលវាមិនខុសពីការនាំទៅកាន់អឺរ៉ុបប៉ុន្មានទេ”។ លោកឧកញ៉ាបន្ថែមថា “ទំនិញយើងនាំចូលអង់គ្លេស ដូចនាំចូលអឺរ៉ុបដែរ។ ការអនុគ្រោះពន្ធនេះ ប្រាកដជានឹងកើនឡើងនៃការនាំចេញរបស់យើង ព្រោះការព្យួរ 20ភាគរយរបស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា និងបង្វែរទៅកាន់អង់គ្លេសវិញ ហើយការបែងចែកពីអង់គ្លេសទៅសហភាពអឺរ៉ុបជារឿងរបស់គេ”។
សូមបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរសម្រាប់កម្ពុជាក្នុងតំបន់អឺរ៉ុប។ ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេស រួមមានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត៕