ភ្នំពេញ៖ កាលពីថ្ងៃទី7 ខែសីហា​ ឆ្នាំ2020 រាជរដ្ឋភិបាលបានប្រកាសឱ្យបើកដំណើរការរោងភាពយន្តជាសាធារណៈដែលមាននៅក្នុងទីក្រុងភ្នំពេញឡើងវិញ បន្ទាប់ពីបានប្រកាសឱ្យបិទបណ្តោះអាសន្នកាលពីថ្ងៃទី17 ខែមីនាឆ្នាំ2020។ បើទោះបីជាមានការអនុញ្ញាតឱ្យបើកដំណើរឡើងវីញក៏ដោយ តែខាងក្រសួង ក៏ដូចជារាជរដ្ឋភិបាល បានតម្រូវឱ្យខាងរោងភាពយន្តត្រូវតែអនុវត្តស្តង់ដាសុវត្ថិភាព ដែលបានចេញដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរួមមានទាំងអស់ 8 ចំណុចដែលសំខាន់ៗ។  

កញ្ញា នាង វ៉ន ស្រីនីត ជាសិស្សនៅឯសាលាវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង បានឆ្លៀតពេលផ្តល់បទសំភាសន៍មុនពេលចូលមើលកុន និងបានប្រាប់ឱ្យដឹងថាជាធម្មតាកញ្ញាមកមើលកុននៅរោងភាយន្តលេ ជេន សាខាផ្សារទំនើប មីត ថោន នេះ ចាប់ពី បីដង ទៅបួនដងក្នុងមួយសប្តាហ៍។កញ្ញាបាននិយាយទាំងមានទំនុកចិត្តថា កញ្ញាមិនសូវជាមានការព្រួយបារម្ភពីបញ្ហាមេរោគឆ្លងកូវីដ១៩ និងមេរោគផ្សែងៗ នោះទេដោយសារតែកញ្ញាសង្គេតឃើញថាខាងរោងភាពយន្ត លេ ជេនពិតជាមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវិត្តភាពភ្ញៀវ។

រោងភាពយន្តបានរៀបចំការវាស់កម្តៅនិងរក្សាកម្លាតពីគ្នាចាប់ពី ១.៥ ម៉ែត្រ ទៅ ២ម៉ែត្រ រួមទាំងមានការចែកម៉ាស់និងតម្រូវឱ្យភ្ញៀវលាងដៃជាមួយអាកុល ឬក៏ជែលលាងដៃផងដែរ។ចំណែកឯនៅខាងក្នុងរោងភាពយន្តវិញត្រូវបានកញ្ញាប្រាប់ឱ្យដឹងថា គឺខាងរោងកុនបានរៀបចំនិងតម្រូវឱ្យអង្គុយជិតគ្នាតែពីរនាក់ប៉ុណ្ណោះដោយទុកចន្លោះកៅអីពីរ​ទៀតឱ្យទំនេរមិនអនុញ្ញាតឱ្យមាននរណាអង្គុយឡើយ។

កញ្ញា នាង វ៉ន ស្រីនីត បាននិយាយថា៖ «អត់អីទេបងព្រោះអីនៅហ្នឹង! គេមានខាងរោងកុនគេមាន រៀបចំកន្លែងសម្រាប់កម្លាតគ្នាហើយ! មានចែកម៉ាស់ មានអាកុលលាងដៃនិងវាស់កម្តៅត្រឹមត្រូវ។ នៅក្នុងរោងកុនយើងអង្គុយពីរនាក់អ៊ីចឹង មានប្រលោះពីរហើយគេឆ្លាស់គ្នា ដាក់កម្លាតពីគ្នា [] ខ្ញុំទុកចិត្តទៅលើការថែរក្សាសុវត្ថិភាពបានប្រហែលជា ៨០%  ពីព្រោះនៅក្នុងរោងកុនមនុស្សរៀងតិចដែរ»។

លោក អេង បញ្ញា ក៏ជាសិស្សសាលាវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នងម្នាក់ដែរ ហើយលោកក៏ហ្វេនម្នាក់ ដែលតែងតែចូលចិត្តមកមើលនៅរោងភាពយន្ត លេ ជេនសាខាផ្សារទំនើប មីត ថោន បានប្រាប់ឱ្យដឹងថាលោកចូលចិត្តមកមើលកុនបន្ទាប់ពីការសិក្សារបស់លោក ហើយការមើលកុនគឺអាចជួយឱ្យលោកកាត់បន្ថយស្ត្រេសបានច្រើន។លោកក៏បានចូលរួមបញ្ចេញមតិយោបល់ពាក់ព័ន្ធទៅនឹងការថែរក្សាអនាម័យរបស់រោងភាពយន្ត លេ ជេនសាខាផ្សារទំនើប មីត ថោន ថា ការពិតរូបលោក ក៏មានការភ័យខ្លាចនឹងជំងឺកូវីដ១៩ខ្លាំងណាស់ដែរ តែដោយសារតែលោក បានមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីខាងរោងភាពយន្តទើបធ្វើឱ្យលោកទទួលបានអារម្មណ៍កក់ក្តៅ និងតែងតែចំណាយពេលមើលកុនជាមួយមិត្តភត្តិ។

ដោយលោកបានអះអាងថាខាងរោងភាពយន្តបានគិតពីសុវត្ថិភាពភ្ញៀវជាធំ​ដោយមានការបាញ់អាកុល វាស់កម្តៅ ឱ្យភ្ញៀវពាក់ម៉ាស់នៅពេលដែលចូលទៅកាន់រោងភាពយន្តតែម្តងជាពិសេសគឺបុគ្គលិកខាងរោងភាពយន្តតម្រូវឱ្យពាក់ម៉ាស់ ឬក៏ពាក់របំាងការពារនៅពេលដែលពួកគេកំពុងតែបំពេញការងារប្រចាំថ្ងៃផងដែរ។ លោកក៏បានធ្វើការលើកទឹកចិត្តឱ្យបងៗ ប្អូនៗក៏ដូចជាឪពុកម្តាយនាំក្មេងៗ មកមើលកុននៅរោងភាពយន្ត លេ ជេន សាខាផ្សារទំនើប មីត ថោនឱ្យបានច្រើន និងកុំមានការព្រួយបារម្ភ​ពីបញ្ហាជំងឺកូវីដ១៩ ដោយសារតែខាងរោងភាពយន្តមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យបានល្អ។​

លោក អេង បញ្ញា បាននិយាយថា៖ «របៀបវា! ពេលមើលកុនទៅ របៀបយើងរៀនខ្លះ! អីខ្លះអ៊ីចឹងណាបង! ភាគច្រើនមើលតែកុនពេលមើលកុនកាត់ស្ក្រេសបានច្រើន [] ខ្លាចដែរ! តែរបៀបគេរៀបចំអីត្រឹមត្រូវបង គេមានសន្តិសុខ គេមានអី អនាម័យយើងបាញ់ទឹកអាកុល ពាក់ម៉ាស់អីត្រឹមត្រូវ។ បុគ្គលិក សូម្បីតែពេលលក់អីគាត់ក៏ពាក់ម៉ាស់ពាក់អី របាំងអីត្រឹមត្រូវ យើងអត់សូវភ័យអ៊ីចឹង!ក្នុងរោងកុនគាត់រៀបចំកៅអីឆ្លាស់ៗ គ្នាអ៊ីចឹងទៅ ក៏យើងអត់សូវភ័យរឿងកូវីដ ហ្នឹងដែរ [] អាឡូវ គឺនៅរោងកុនយើងអាឡូវ គឺមានសុវត្ថិភាពណាស់ អាឡូវគេមានបាញ់អាកុលលាងទឹកអីត្រឹមត្រូវអ៊ីចឹង យើងអត់សូវភ័យរឿងកូវីដទេ ណាមួយកន្លែងអង្គុយគឺវាមានកម្លាតអីត្រឹមត្រូវ»។

កញ្ញា មីន ម៉ាលីហ្សា ដែលមានមុខរបរផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារកញ្ញាមិនសូវជាមានពេលវេលាគ្រប់គ្រាន់មកមើលកុននោះទេតែទោះជាយ៉ាងណាក៏ដោយសារតែការនិយមចូលចិត្តមើលកុននោះកញ្ញាបានឆ្លៀតពេលមកមើលកុននៅរោងភាពយន្ត លេ ជេន សាខាផ្សារទំនើប មីត ថោនជាមួយមិត្តភត្តិ។ អ្វីដែលពិសេសទៀតនោះកញ្ញាបានប្រាប់ទៀតថា ប្រសិនបើមានរឿងធំៗនិងរឿងល្បីម្តងៗ គឺកញ្ញាមិនឱ្យរំលងនោះទេ ដោយតែងតែឆ្លៀតពេលមកមើលជានិច្ច។

កញ្ញាបានចូលរួមបញ្ចេញជាមតិយោបល់ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ១៩ក៏ដូចជាការថែរក្សាសុវត្ថិភាពរបស់ភ្ញៀវដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកមើលកុនថាកញ្ញាមានទំនុកចិត្តនឹងទទួលបានសុវត្ថិភាពពីខាងរោងភាពយន្ត លេ ជេនដោយរោងភាពយន្តបានធ្វើការវាស់កម្តៅដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបនិងមានការលាងសម្អាតដៃ ជាពិសេសនៅពេលដែលភ្ញៀវមិនបានពាក់ម៉ាស់គឺបុគ្គលិកខាងរោងភាពយន្តឈរចាំត្រួតពិនិត្យ និងផ្តល់ម៉ាស់ជូនតែម្តង។

កញ្ញា មីន ម៉ាលីហ្សា បាននិយាយថា៖ «បើយើងមើលតាមជាក់ស្តែង Property របស់ លេ ជេនអត់អីទេ! វា Safe អត់សូវខ្លាចទេ ហើយណាមួយពេលដែលចេញ!​ហើយចូល! ឃើញថាមានការ Scan មានការលាងដៃហើយពេលដែលយើងភ្លេចម៉ាស់ គឺគាត់បានឱ្យម៉ាស់យើងទៀត [] គិតថាល្អដែល! អត់អីទេ កម្លាតឆ្ងាយគួរសម អាចទុកចិត្តបាន»។

កញ្ញា នាក់ ថាវរី មានអាជីពជាគ្រូបង្រៀនម្នាក់បានធ្វើដំណើរមកពីតំបន់ចោមចៅ ក៏បានឆ្លៀតពេលរៀបរាប់ប្រាប់ឱ្យដឹងថាភាគច្រើនកញ្ញាមិនសូវជាមានពេលវេលាច្រើន ក្នុងការមកមើលកុននោះទេតែដោយសារតែកញ្ញាមកសួរសុខទុកមិត្តភក្ដិដែលមានផ្ទះនៅម្តុំផ្សារទំនើប មីត ថោន នេះក៏ឆ្លៀតពេលណាត់មិត្តភត្តិមកមើលកុនតែម្តងទៅ។ សម្រាប់កញ្ញាបានយល់ឃើញពីបញ្ហាជំងឺកូវីដ១៩ និងកត្តាថែរក្សាអនាម័យរបស់រោងភាពយន្តថារោងភាពយន្តបានថែរក្សាអនាម័យបានល្អដោយមានការយកចិត្តទុកដាក់ក្នុងការបាញ់អាកុល សូម្បីតែកន្លែងអង្គុយមើលកុនក៏រៀបចំ និងមានសណ្នាប់បានល្អដែរ។ កញ្ញាបានឆ្លៀតបន្ថែមទៀតថា ប្រសិនបើជាប្រជាពលរដ្ឋរួមគ្នាការពារឱ្យបានល្អនោះបញ្ហាជំងឺកូវីដ១៩ មិនអាចឆ្លងរាតត្បាតបានដោយងាយៗ នោះទេ។

កញ្ញា នាក់ ថាវរី បាននិយាយថា៖ «ដោយសារតែផ្ទះមិត្តភត្តិនៅជិតនេះ ក៏ហៅមិត្តភត្តិមកមើលនៅហ្នឹងបង។ អត់ទេ!អត់សូវមានពេលទំនេរទេ ដល់រឿងចេញមក លក្ខណៈថាល្អមើលអ៊ីចឹង បានយើងមើល បើថានិយាយទៅអត់សូវមានពេលហ្មង។ បើអនាម័យកន្លែងគាត់ កន្លែងហ្នឹង! គឺល្អតាបងកន្លែងគាត់គឺថាបាញ់អាកុល សូម្បីតែកន្លែងយើងមើលកុន ក៏មើលទៅល្អដែរ ដោយសារគេរៀបចំគេបើកថ្មីអ៊ីចឹង សណ្នាប់ធ្នាប់គេល្អអ៊ីចឹងណាបង [] អត់ទេបងប្រសិនបើយើងគ្រប់គ្នាការពារ គឺអត់មានជំងឺទេ»។

លើសពីនេះទៀតលោក នី ដារ៉ាណន់ ក៏បានបន្ថែមទៀតថាជាក់ស្តែងរោងភាពយន្ត លេ ជេន គឺមានការសប្បាយចិត្តមែនទែនដែលក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញរោងភាពយន្ត លេ ជេន នៅសាខារាជធានីភ្នំពេញទោះបីយើងត្រូវតែអនុវត្តស្តង់ដាសុវត្ថិភាព ដែលយើងហៅថា​ SOP តឹងតែង ហើយនឹងមានការកាត់បន្ថយម៉ោងបញ្ជំាង។ប៉ុន្តែវាជាការល្អមួយដែលពួកយើងបានចូលរួមសម្រាប់សង្គមយើងផ្ទាល់ជាពិសេសពួកយើងបានចូលរួមបជ្រៀបសារអនុវត្ត ចូលរួមទាំងបានផ្តល់សេវាកម្ម និងអនាម័យពួកយើងកាន់តែបង្គើនជូនទៅដល់អតិថិជនយើងផ្ទាល់ ទោះបីជាពួកយើងត្រូវតែបង្គើនចង្វាក់នៃ Operation របស់យើងរៀងច្រើនជាងមុន ប៉ុន្តែយើងសប្បាយចិត្តដើម្បីផ្តល់ជូនទាំងសេវាកម្សាន្ត ដូចជាការបញ្ជំាងខែ្សភាពយន្ត ក៏ដូចជាសុវត្ថិភាពដល់ពួកគាត់ដែរពីព្រោះអីសុវត្តិភាពរបស់ពួកគាត់ គឺជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត។

បើយោងតាម លោក នី ដារ៉ាណន់ ប្រធានផ្នែកគ្រប់គ្រងផ្នែកទីផ្សារ របស់រោងភាពយន្ត លេ ជេនបានរៀបរាប់ប្រាប់ឱ្យដឹងថារាជរដ្ឋភិបាលបានអនុញ្ញាតឱ្យរោងភាពយន្ត លេ ជេន បើកដំណើរការជាធម្មតាវិញ កាលពីថ្ងៃទី7 ខែសីហា​ឆ្នាំ2020 គិតមកដល់ពេលនេះមានរយៈពេលបានប្រហែលជា 2ខែមកហើយ ដោយដំណាក់កាលទីមួយ គឺបានចាប់ផ្តើមពីរាជធានីភ្នំពេញជាមុនសិនតែខាងរោងភាពយន្តត្រូវអនុវត្តស្តង់ដាសុវត្ថិភាពដែលមានដូចខាងក្រោមនេះ។

  1. ចំណុចទីមួយ គឺដើម្បីទប់ស្តាត់ការចម្លងមេរោគកូវីដ១៩ ភ្ញៀវទាំងអស់ត្រូវតែពាក់ម៉ាស់ និងធ្វើការវាស់កម្តៅសីតុណ្ហាភាព មុនពេលចូលក្នុងបរិវេណរោងភាពយន្ត។
  2. ចំណុចទីពីរ គឺរាជរដ្ឋាភិបាលតម្រូវឱ្យខាងរោងភាពយន្តបញ្ចៀស ដោយផ្ទាល់រវាងការប៉ះពាល់ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត​។
  3. ចំណុចទីបី Social Distancing គឺការរក្សាកម្លាតសុវត្ថិភាពរបស់អតិថិជន ដែលបានន័យថាពួកគាត់ គឺត្រូវតែរក្សាកម្លាតពីគ្នាយ៉ាងតិច មួយម៉ែត្រកន្លះ មិនថាតែគាត់ឈរតម្រងជួរទិញសំបុត្រ ឬក៏គាត់ឈរទិញអាហារសម្រន់។
  4. ចំណុចទីបួន រាល់ការសម្អាតរបស់រោងភាពយន្ត ត្រូវតែសម្អាតដោយមានប្រើប្រាស់ទឹកអាកុល ហើយក្នុងបរិវេណរោងភាពយន្ត ត្រូវតែមានទឹកអាកុល និងទឹកលាងដៃ សម្រាប់ឱ្យអតិថិជន ក៏ដូចជាបុគ្គលិក ធ្វើការសម្អាត និងលាងដៃជាប្រចាំ ជាពិសេសការសម្អាតនៅក្នុងបរិវេណរោងភាពយន្ត គឺរឹតតែសម្អាតជាញឹកញាប់ជាមុនរាល់ការចប់ Show នីមួយៗ ចំណែកឯខាងបុគ្គលិករោងភាពយន្តវិញ ជាពិសេសខាងផ្នែកអនាម័យ គឺពួកគាត់ត្រូវតែសម្អាតនៅក្នុងសាលបញ្ជំាងដោយលម្អិត មានដូចជាសម្អាតកៅអី បរិវេណនៅក្នុងសាល ឱ្យបានស្អាត ជាពិសេសអត់ឱ្យមានការចម្លងមេរោគនៅក្នុងរោងភាពយន្តនោះទេ។
  5. ចំណុចទី៥ គឺការទិញអាហារសម្រន់ ដែលខាងក្រសួង និងខាងរាជរដ្ឋភិបាល បានកំណត់ឱ្យខាងរោងភាពយន្តត្រូវតែមានការថែរក្សាអនាម័យ ពាក់ម៉ាស់ ពាក់ស្រោមដៃ ពេលធ្វើការផ្គត់ផ្គង់អាហារសម្រន់ និងរាល់ពេលបំពេញការងារ។
  6. ចំណុចទី៦ គឺការកាត់បន្ថយចំនួនកៅអី ឬក៏ចំនួនអ្នកអង្គុយនៅខាងក្នុងសាលបញ្ជំាង មានន័យថាអនុញ្ញាឱ្យមានចំនួនកៅអីដែលភ្ញៀវចូលមើលបានតែ ៥០% នៃចំនួនកៅអីសរុប ឧទាហរណ៍ថាពីមុនយើងធ្លាប់មានកៅអីចំនួន ១០០កៅអី តែយើងត្រូវកាត់បន្ថយកៅអីមកចំនួន ៥០កៅអី ដើម្បីរក្សាកម្លាតពីភ្ញៀវម្នាក់ ទៅភ្ញៀវម្នាក់ទៀត។
  7. ចំណុចទី៧ គឺការកាត់បន្ថយពេល គឺម៉ោងបញ្ជំាង ឬក៏ម៉ោង Show នៅក្នុងរោងភាពយន្ត មានន័យថាយើងត្រូវរក្សាពេលសម្អាតឱ្យកាន់តែយូរ ដូច្នេះគឺម៉ោងបញ្ជំាងត្រូវកាត់បន្ថយ។
  8. ចំណុចទី៨ គឺត្រូវតែមានបជ្រៀបនូវសារអប់រំ ដើម្បីដាស់តឿនគ្រើនរំលឹកដល់អតិថិជន ស្តីពីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។