កម្ពុជា៖ ទឹកទន្លេមេគង្គ អាចនឹងបន្តហក់ឡើងនៅ ៣ទៅ៤ថ្ងៃខាងមុខ ដែលអាចនឹងមានជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃ ២៦ កក្កដានេះ។

ការហក់ឡើងនេះ ដោយសារឥទ្ធពិលនៃព្យុះ CEMPAKA និង បណ្ដាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានាដែលមានឥទ្ធិពលលើអាងទន្លេមេគង្គ ព្រមទាំងភ្លៀងនៅបន្តធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេភាគខាងលើផងដែរ។

ក្រសួង ក៏បានអំពាវនាវដល់ប្រជាកសិករ ប្រញាប់ប្រមូលផលកសិផលឲ្យបានទាន់ពេលវេលា និងបង្កើនការប្រុងប្រយ័ត្ន ដែលអាចកើតមានជាយថាហេតុ ទោះជាយ៉ាងណាក៏ដោយ ការហក់ឡើងនេះ​ នៅមិនទាន់ដល់កំពស់ដែលត្រូវប្រកាសពីជំនន់នោះទេ៕