ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តទាំងស្រុងលើ

សំណើកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាមអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញុ។ សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

"បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ"៕