សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុងនាមជាម្ចាស់អាជីវកម្ម ឬជាប្រធានប្រតិបត្តិក្រុមហ៊ុនមួយរូប​ គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះថាពួកគេត្រូវចាត់ចែងរាល់កិច្ចការទូទៅ និងគ្រប់គ្រងរាល់បុគ្គលិកដែលមាននៅក្នុងក្រុមហ៊ុន។  

ក្នុងនោះផងដែរ ដើម្បីឲ្យអាជីវកម្មមួយរបស់ខ្លួនមានភាពរីកចម្រើនតើម្ចាស់អាជីវកម្ម ត្រូវមានអ្វីខ្លះក្នុងខ្លួន? ដូច្នេះខាងក្រោមនេះ​ គឺជាធាតុទាំង ៥ចំណុចសំខាន់ៗដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវតែមាន:

១) ទំនួលខុសត្រូវចំពោះខ្លួនឯង

ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងលឺរួចមកហើយថា ម្ចាស់អាជីវកម្មគ្រប់រូបគឺមានកិច្ចការ ច្រើនណាស់ដែលត្រូវធ្វើ។ ត្រង់ចំណុចនេះហើយ គឺចង់ឱ្យម្ចាស់អាជីវកម្មគ្រប់រូបត្រូវមានទំនួលខុសត្រូវខ្ពស់ និងច្បាស់លាស់ចំពោះតួនាទីរបស់ខ្លួនក្នុងការដឹកនាំ និងដំណើរការក្រុមហ៊ុនឱ្យសមនឹងមុខដំណែងដែលខ្លួនមាន ដូចជាត្រូវមានកាលវិភាគច្បាស់លាស់ ការរៀបចំការ ប្រជុំឱ្យបានទៀងទាត់និងត្រួតពិនិត្យផលិតផល ឬការនាំចេញនាំចូលទំនិញទៅកាន់អតិថិជន ឬដៃគូសហការរបស់ខ្លួនផងដែរ។

២) ទំនួលខុសត្រូវចំពោះបុគ្គលិក

ជាការពិតណាស់ ក្រុមហ៊ុនអាជីវកម្មមួយអាចអភិវឌ្ឍបាន គឺអាស្រ័យដោយមានបុគ្គលិកល្អ និងជំនាញច្បាស់លាស់ផងដែរ។ ដូច្នេះក្នុងនាមជាម្ចាស់ក្រុមហ៊ុនមួយរូប អ្នកត្រូវតែផ្តល់ សិទ្ធិឱ្យពួកគេពេញលេញទាំងទៅលើម៉ោងក្នុងការធ្វើការ និងប្រាក់ខែ។ ក្នុងការធានាឱ្យបានថា ពួកគេមាននូវប្រាក់បៀរវត្សសមរម្យ និងម៉ោងធ្វើការដែលត្រឹមត្រូវ ជាពិសេសគឺមានប្រាក់បន្ថែមម៉ោង ឬប្រាក់លើកទឹកចិត្តចំពោះបុគ្គលិកដែលបានបំពេញកិច្ច ការងារលើកម៉ោង។ ផ្ទុយទៅវិញ បើម្ចាស់អាជីវកម្មធ្វេសប្រហែលមិនបំពេញកិច្ចការងារបានល្អ អ្នកប្រាកដជាបាត់បង់ទំនុកចិត្ត និងធ្វើឱ្យពួកគេមិនមានកម្លាំងចិត្តប្រឹងប្រែងធ្វើការឱ្យអ្នកឡើយ។

៣)ទំនួលខុសត្រូវចំពោះដៃគូសហការ

ដៃគូសហការ គឺជាផ្នែកមួយដ៏ធំក្នុងការជម្រុញឱ្យអាជីវកម្មរបស់អ្នក ឈានចូលទៅកាន់ទីផ្សារបានឆាប់រហ័ស ព្រោះថា គ្មានក្រុមហ៊ុនណាដែលរីកចម្រើនដល់កំពូលដោយ គ្មានការសហការពីដៃគូផ្សេងនោះទេ។ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើដៃគូសហការដែលមានទ្រព្យធនច្រើន ក្នុងការវិនិយោគទុនជាមួយក្រុមហ៊ុនរបស់អ្នកឲ្យបានគ្រប់ពេលវេលា។

៤)ទំនួលខុសត្រូវចំពោះអតិថិជន

រាល់អាជីវកម្មនីមួយៗត្រូវបានបង្កើតឡើងដើម្បីបំពេញ និងបម្រើសេវាកម្មជូនដល់អតិថិជន គ្រប់ៗគ្នា។ ដូចដែលពាក្យចាស់បុរាណខ្មែរពោលថា“អតិថិជនជាស្តេច” ដូច្នេះក្នុងនាមជា ម្ចាស់អាជីវកម្មម្នាក់ គឺត្រូវមានទំនួលខុសត្រូវទៅកាន់អតិថិជនទាំងគុណភាពទំនុកចិត្ត និងការផ្គត់ផ្គង់សេវាតម្រូវការឱ្យទាន់ពេលវេលា។

៥)ទំនួលខុសត្រូវលើផលិតផល សេវាកម្ម និងគុណភាពអាជីវកម្មរបស់ខ្លួន

ចំពោះផលិតផល ឬគម្រោងនានាដែលត្រូវបានដាក់បម្រើការឱ្យអតិថិជនប្រើប្រាស់ ម្ចាស់អាជីវកម្មគ្រប់រូបត្រូវតែធានាឲ្យបានទាំងគុណភាព និងស្តង់ដារផលិតផលរបស់ខ្លួន។ ដោយឡែក រាល់ពេលអតិថិជនមានបញ្ហាជាមួយផលិតផលរបស់អ្នក  ម្ចាស់អាជីវកម្មត្រូវចេញមុខដោះស្រាយជូនពួកគេ ប្រកបដោយទំនួលខុសត្រូវខ្ពស់និងឆាប់រហ័សផងដែរ។ ធ្វើបែបនេះ ដើម្បីបង្ហាញថា​អ្នកមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះអតិថិជនយ៉ាងខ្លាំងទៅកាន់ពួកគេ។

សរុបរួមមកវិញ ចំពោះម្ចាស់អាជីកម្មគ្រប់រូប គួរតែមានទំនួលខុសត្រូវខាងលើទាំង៥ចំណុចនេះ  នឹងក្លាយជាម្ចាស់ក្រុមហ៊ុនមួយ ដែលមានសេចក្តីថ្លៃថ្នូរក្នុងខ្លួននិងឆាប់ទទួលបានជោគជ័យខ្ពស់៕