“មនុស្សស្រី មិនមែនស្ថិតនៅក្នុង សម័យកាលមួយដែលដៃម្ខាង អោបកូនហើយដៃម្ខាងទៀតស្លទៀតនោះទេ ដូច្នេះហើយ មនុស្សស្រីគួរតែ ដើរអោយទាន់សម័យកាល” នេះគឺជាសម្តីរបស់ផលិតករកម្មវិធីវិទ្យុស្នេហ៍៩ (Love 9) របស់អង្គការ ប៊ីប៊ីស៊ីមីឌៀរអេកសិន (BBC Media Action) កម្ពុជា មានឈ្មោះ ច័ន្ទ ស៊ីណេត។

វត្តមាននៃថ្ងៃទី ៨ មីនា បង្ហាញពីភាពស្មើគ្នា រវាងស្រ្តីនិងបុរសហើយនៅខណៈដែលបុរសមួយចំនួន កំពុងបន្តការសិក្សាទៅថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតនោះតើស្រ្តីដែលពិភពលោកនិយាយថា មានសិទ្ធិស្មើបុរសនោះ គួរតែបន្តការសិក្សាទៅថ្នាក់អនុបណ្ឌិត ដែរឬទេ? 

ទាក់ទងនឹងបញ្ហានេះដែរ កញ្ញា គិតម៉ារ៉ាឌី ដែលជាអ្នកគ្រប់គ្រង និងទីប្រឹក្សាច្បាប់ជាន់ខ្ពស់ នៃក្រុមហ៊ុនមេធាវីមួយ បានបង្ហាញចំណាប់អារម្មណ៍ថា មនុស្សស្រីគួរតែយក សញ្ញាបត្រអនុបណ្ឌិត ដោយតែសារបញ្ហាទីផ្សារ និងការប្រកួតប្រជែង  ជាពិសេសនោះគឺជាមួយ ប្រជាជនអាស៊ានមួយចំនួន ដែលចូលមកធ្វើការនៅកម្ពុជា។ ម្យ៉ាងទៀត អ្នកដែលមានសញ្ញាបត្រខ្ពស់ តែងមានអាទិភាព ក្នុងការទទួលបានការងារល្អៗ ទទួលបានប្រាក់ខែខ្ពស់ និង ទទួលបានការឡើង តំណែងជាបន្តបន្ទាប់។

កញ្ញា ម៉ារ៉ាឌី ដែលកំពុងព្យាយាម យកអាហារូបករណ៍ ដើម្បីបន្តថ្នាក់អនុបណ្ឌិតនេះបានបន្តទៀតថា៖ ស្រ្តីដែលទទួលបានការអប់រំខ្ពស់ តែងទទួលការគោរពពីស្វាមីនិងក្រុមគ្រួសារ ហើយវាជាផ្នែកមួយ នៃសុភមង្គលគ្រួសារផងដែរ។លើសពីនេះទៅទៀត ស្រ្តីដែលមានសញ្ញាត្រខ្ពស់ អាចធ្វើជាគំរូដល់ ក្មេងជំនាន់ក្រោយទៀតផងបើម្តាយទទួលបានសញ្ញាត្រអនុបណ្ឌិត នោះគាត់នឹងជាគំរូមួយ ដល់ក្មេងជំនាន់ក្រោយពួកគេនឹងធ្វើតាមគាត់ ហើយនឹងរៀនបានខ្ពស់ផងដែរ។“

និយាយដោយសំឡេងស្រទន់ អ្នកស្រី លី សុខលាភ ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីប្រទេសអូស្រ្តាលីនិង បច្ចុប្បន្ន ជាមន្រ្តីជាន់ខ្ពស់គម្រោង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានឈ្មោះកាត់ថាCDC បានអោយដឹងថា មនុស្សស្រីដែលចាប់យកការងារ ដែលប្រើប្រាស់ជំនាញ ពីថ្នាក់បរិញ្ញាបត្ររបស់គាត់ គាត់គួរតែបន្តយកសញ្ញាបត្រអនុបណ្ឌិត ដើម្បីបន្ថែមចំណេះដឹង ពីអ្វីដែលគាត់ចេះហើយបើគាត់ត្រូវការនិងចង់បន្តអនុបណ្ឌិត គាត់ត្រូវតែជម្នះ នូវឧបសគ្គដែលជាផ្នត់គំនិត របស់សង្គមដែលមនុស្សស្រី មិនគួររៀនខ្ពស់ពេក ហើយសង្គមទៀតសោត គួរលុបបំបាត់គំនិតទាំងនោះចោលហើយគួរតែ លើកទឹកចិត្តពួកគាត់វិញ។

អ្នកស្រី បន្តទៀតថា៖ “មនុស្សស្រីជាឆ្អឹងខ្នងនៃក្រុមគ្រួសារសង្គម និង ប្រទេសជាតិទាំងមូល ហេតុនេះបើស្រ្តីចង់បន្តការសិក្សា ទៅថ្នាក់អនុបណ្ឌិតក្តី ថ្នាក់បណ្ឌិតក្តី គាត់គួរតែត្រូវបាន សង្គមផ្តល់ឱកាសនិងលើកទឹកចិត្ត។”

ជុំវិញបញ្ហាដដែលនេះ ផលិតករវិទ្យុខាងលើ ដែលពុំអាចបន្តការសិក្សា ទៅសាកលវិទ្យាល័យទោះខ្លួនចង់យ៉ាងណាក៏ដោយបានគូសបញ្ជាក់បន្ថែមទៀតថា៖ ក្នុងសង្គមខ្មែរបច្ចុប្បន្ន បើមនុស្សស្រីដូចពួកយើង មានឱកាសបានយកសញ្ញាបត្រអនុបណ្ឌិតយើងត្រូវចាប់ឱកាសនោះអោយបាន។ កញ្ញាបានបន្តទៀតថា បើយើងមានសញ្ញាបត្រខ្ពស់ ហើយមានបទពិសោធន៍ការងាររួមទាំងបច្ចុប្បន្ននេះ តាមបណ្តាអង្គការ និងក្រុមហ៊ុនមួយចំនួន បានផ្តល់អាទិភាពដល់មនុស្សស្រីទៀតនោះ មនុស្សស្រីបែបនោះ នឹងទទួលបានអាទិភាពច្រើនជាងអ្នកដទៃ។

ក្រៅពីស្រ្តីទាំង៣ខាងលើអតីតសាស្រ្តាចារ្យមួយរូប របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ដែលហៅកាត់ថា DMC និងបច្ចុប្បន្ន កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក ឈ្មោះថា ពិន ម៉ានីកា បានទាញការចាប់អារម្មណ៍ថា សង្គម មិនគួរសម្រេចចិត្តអោយមនុស្សស្រីថា គាត់គួរឬមិនគួរ បន្តការសិក្សានោះទេ ផ្ទុយទៅវិញ សង្គមគួរតែផ្តល់ការអប់រំដែលចាំបាច់ ទៅកាន់ពួកគាត់ ហើយការបន្តសិក្សាឬមិនបន្ត ស្រ្តីគួរតែជាភាគីដែលធ្វើការសម្រេចចិត្ត។

កញ្ញាបន្តទៀតថា៖ ក្រុមគ្រួសារខ្ញុំ តែងតែលើកទឹកចិត្តខ្ញុំអោយរៀនបន្ត ប៉ុន្តែនៅទីបំផុត វាជាការសម្រេចចិត្តរបស់ខ្ញុំដដែល ថាខ្ញុំចង់ឬមិនចង់បន្តការសិក្សា។ 

ជាសារចុងក្រោយ សម្រាប់ស្រ្តីគ្រប់គ្នា កញ្ញា ស៊ីណេត បានបញ្ជាក់ថា៖ “បើសិនមនុស្សស្រីចង់អោយខ្លួនឯងរឹងមាំមិនពឹងផ្អែកលើមនុស្សប្រុសហើយបើស្រ្ដីនោះ មានសញ្ញាបត្រខ្ពស់មានការងារធ្វើ ទោះបីជាមានការបែកបាក់ ជាមួយបុរសជាស្វាមីគាត់នៅតែអាចរស់នៅចិញ្ចឹមជីវិតបាន។ផ្ទុយទៅវិញ បើស្រ្តីនោះគ្មានការងារធ្វើ ហើយនៅតែពឹងលើប្តី គាត់ពិតជាពិបាក បែកពីស្វាមីណាស់ ហើយចុងក្រោយ គាត់នៅតែត្រូវធ្វើបាបដដែល៕”