សកម្មភាពរបស់អ្នកពេលព្រឹក អាចមានឥទ្ធិពលលើការងារពេលមួយថ្ងៃ។

អ្វីដែលអ្នកធ្វើ ឬមិនធ្វើជាប្រចាំថ្ងៃ នឹងមានឥទ្ធិពលលើ ផលិតភាពការងារ ថាមពល អ្វីដែលអ្នកអាចសម្រេច និងចុងក្រោយគឺការទទួលបានជោគជ័យក្នុងនាមជាសហគ្រិនម្នាក់។

ខាងក្រោមនេះ ជាទម្លាប់ពេលព្រឹកសាមញ្ញ ដែលអ្នកអាចរៀនពីសហគ្រិនល្បីៗ

១. ក្រោកពីព្រលឹម

សហគ្រិនល្បីលើពិភពលោកជាច្រើន មានរឿងមួយដូចគ្នាៗ គឺពួកគេភ្ញាក់ពីព្រលឹម។នៅពេលដែលអ្នកក្រោកពីព្រលឹម អ្នកមានអារម្មណ៍ថា អាចគ្រប់គ្រងគ្រប់យ៉ាងពេញមួយថ្ងៃ។ រឿងមួយដែលចាំបាច់គឺអ្នកអ្នកត្រូវសម្រេចកំណត់ការងារដែលសំខាន់ ធ្វើអ្វីដំបូងគេ ការងារណាដែលត្រូវធ្វើបន្ទាប់និងការងារសំខាន់ចុងក្រោយ ។

ការភ្ញាក់ពីព្រលឹម ធ្វើឲ្យអ្នកមានសន្ទុះថាមពលខ្លាំងលេចគំនិតច្នៃប្រឌិត និងសកម្មភាពល្អ តាំងពីពេលចាប់ផ្តើម។ នេះជាពេលវេលាល្អឥតខ្ចោះ សម្រាប់បំពេញភារកិច្ចនិងជាពេលដែលខួរក្បាលដើរល្អ។

២. ផឹកទឹកនៅពេលព្រឹក

ការផឹកទឹកមួយកែវ ជាម្លាប់ពេលព្រឹក ផ្តល់សារៈសំខាន់ជាច្រើនគឺវាជួយបង្កើនការរំលាយអាហាររបស់អ្នកផ្តល់ថាមពលឲ្យអ្នក ធ្វើឱ្យអ្នកមានកម្លាំងពេញលេញនិងជួយសម្រួលប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការល្អ នោះអ្នកនឹងមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយសម្រាប់បំពេញការងារបានល្អ។

៣. គិតអ្វីដែលសំខាន់បំផុតក្នុងជីវិត

ការផ្តោតលើគោលដៅ ជារឿងដែលសំខាន់បំផុតសម្រាប់សហគ្រិន។ ដោយដាក់គោលដៅនៅជួរខាងមុខ ហើយត្រូវខំធ្វើការឆ្ពោះទៅរកគោលដៅទាំងនោះ ពេញមួយថ្ងៃ។

លោក Steve Jobs មានឃ្លាល្បីមួយនិយាយពីទម្លាប់ពេលព្រឹកថា «អស់រយៈពេល ៣៣ ឆ្នាំមកនេះ ខ្ញុំបាន មើលក្នុងកញ្ចក់ជារៀងរាល់ព្រឹកហើយសួរខ្លួនឯងថា: «បើសិនថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំតើខ្ញុំចង់ធ្វើអ្វីដែលខ្ញុំនឹងធ្វើនៅថ្ងៃនេះទេ? ហើយ ចំលើយចេញមកគឺ'ទេ' ជាច្រើនថ្ងៃជាប់គ្នា ខ្ញុំបានដឹងថាខ្ញុំត្រូវតែផ្លាស់ប្តូរអ្វីមួយ»។ ជារៀងរាល់ថ្ងៃ អ្នកគួរតែមានគោលដៅទោះតូចក៏ដោយ ធំក៏ដោយ ឲ្យតែមាន។

៤. ចាប់ផ្ដើមសកម្មភាពការងារ

មនុស្សភាគច្រើន គឺនៅជាប់តែនឹងកៅអី មានន័យថា យើងបានចំណាយពេលជាច្រើនអង្គុយ។នោះហើយជាមូលហេតុ ដែលពេលព្រឹក គឺជាពេលវេលាល្អ សម្រាប់ចាប់ផ្ដើមសកម្មភាពការងារ។ថាមពលរបស់អ្នក គឺខ្លាំងបំផុតក្នុងពេលព្រឹក ដូច្នេះអ្នកមានឱកាសល្អប្រសើរជាងមុន តាមរយៈការប្តេជ្ញាចិត្តលើការងាររបស់អ្នក។

ចាប់ផ្តើមការងារពីថ្ងៃនេះ នោះអ្នកនឹងមានថាមពលបន្ថែមទៀត ដែលនឹងធ្វើឱ្យកាន់តែមានការផ្តោតអារម្មណ៍និងជួយអ្នកឱ្យកាន់តែមានផលិតភាព ។

៥. ធ្វើសមាធិ

សមាធិគឺជាវិធីដែលមានឥទ្ធិពល ដើម្បីរៀបចំចិត្តរបស់អ្នកជួយអ្នកប្រយុទ្ធប្រឆាំងនឹងភាពតានតឹងដែលដែលតែងតែកើតមាន។ សមាធិ មិនចាំបាច់ចំណាយពេលយូរពេកនោះទេ។សមាធិពី ៣ ទៅ ១០នាទី គឺជាភាពសាមញ្ញឥតខ្ចោះ។ សមាធិ គឺមិនមានភាពស្មុគស្មាញ ហើយក៏មិនចាំបាច់រៀនអ្វីច្រើនដែរត្រឹមតែចេះ ពីមូលដ្ឋានគ្រឹះគឺបាន ដូចជា ការដកដង្ហើម ចេញចូល ការបន្ថូរ និងការប្រមូលអារម្មណ៍ជាដើម ។

នៅពេលដែលអ្នកបញ្ចូលទម្លាប់នៃការធ្វើសមាធិ នៅពេលព្រឹកអ្នកនឹងមានភាពស្ងប់ស្ងាត់ កាន់តែច្រើន បំបាត់ចោលនូវការរំខាន និងផ្ដល់ការផ្តោតអារម្មណ៍មិនថាមានការមមាញឹកច្រើនប៉ុណ្ណានោះទេ។

គំនិតចុងក្រោយ

ក្នុងនាមជាសហគ្រិន អ្នកត្រូវតែធ្វើឲ្យបានល្អបំផុតសម្រាប់គោលដៅរបស់អ្នក និងសម្រាប់អាជីវកម្មរបស់អ្នក។ ហើយពេលព្រឹកព្រលឹម ដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលបានជោគជ័យ ។ ដូច្នេះ រកទម្លាប់ណា ដែលអាចឱ្យអ្នកមានការផ្ដោតអារម្មណ៍ បង្កើនការប្តេជ្ញាចិត្តនិងការរៀបចំ ថ្ងៃរបស់អ្នក ជាជាងការអនុវត្តទម្រង់ច្រើនបែប ដែលបង្ខំឱ្យខ្លួនអ្នកមិនពេញចិត្ត។

តើទម្លាប់ពេលព្រឹករបស់អ្នកគឺជាអ្វី ? សូមចូលរួមចែករំលែក ៕