ដើម្បីសម្រេចជោគជ័យអ្នកត្រូវជ្រើសរើសទម្លាប់ដែលនឹងនាំឲ្យអ្នកទៅកាន់ចំណុចកំពូល។ បុគ្គល​ជោគជ័យប្រសិនពួកគេជឿជាក់យ៉ាងខ្លាំងក្លាលើអ្វីមួយហើយ ពួកគេនឹងធ្វើឲ្យជំនឿទាំងនោះមានភាព​ជាក់ស្តែង។ផ្លូវដែលពួកគេដើរមានភាពរឹងមាំណាស់ ដែលធ្វើឲ្យពួកគេអាចដើរតាមគំនិតនិងគោលការណ៍របស់ពួកគេ ទោះបីជាមានរឿងមិនល្អ និងការខ្វែងគំនិតគ្នាដែលមិនអាចជៀសវាងបាន បាន​កើតឡើងក៏ដោយ។

ប្រាក់ចំណេញមិនមែនជានិយមន័យតែមួយគត់នៅទីនេះឡើយ។“ជោគជ័យ” នៅទីនេះមានន័យថាជា ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីផ្តល់ភាពពេញលេញដល់ជីវិត។នៅតាមផ្លូវសំដៅទៅកាន់ភាពជោគជ័យ​នេះទម្លាប់នៃភាពជោគជ័យទាំងដប់ខាងក្រោមនឹងធ្វើឲ្យគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់អ្នកទាំងជីវិត​ផ្ទាល់ខ្លួន និងការងារវិជ្ជាជីវៈមានភាពល្អប្រសើរឡើង។

១. មើលឃើញតម្លៃគ្រប់សកម្មភាព

ដើម្បីទទួលបានជោគជ័យ ចូរបញ្ជាក់អំពីលទ្ធផលនៃសកម្មភាពរបស់អ្នក។នៅពេលដែលអ្នកខិតខំ​ប្រឹងប្រែងដើម្បីភាពជោគជ័យចូរយកចិត្តទុកដាក់ចំពោះ​គ្រប់សកម្មភាពទាំងអស់ និងផ្តល់អត្ថន័យនិង​តម្លៃដល់ដំណាក់កាលនីមួយៗ។

សកម្មភាពណាមួយដែលខ្វះខាតគោលបំណងជាក់លាក់នឹងធ្វើឲ្យអ្នកមានទន់ខ្សោយក្នុងការប្រឈមជាមួយបញ្ហាដែលមិនបានរំពឹងទុក។ដូច្នេះ ចូរបង្កើតទម្លាប់ក្នុងការផ្តល់ទិសដៅដល់​រាល់សកម្មភាពលម្អិតនីមួយៗនៃអាជីវកម្មរបស់អ្នកដើម្បីឆ្ពោះទៅកាន់ការសម្រេចចក្ខុវិស័យនិង​គោលដៅកាន់តែធំ ។ អ្នកត្រូវបណ្តុះចិត្តគំនិត ធ្វើការងារដែលមានការលំបាកនិងមាន​លក្ខណៈប្រកួតប្រជែងខ្លាំង។

នៅពេលដែលគ្រប់សកម្មភាពទាំងអស់មានគុណតម្លៃអ្នកនឹងអាចគ្រប់គ្រងលើការធ្វើឲ្យសកម្មភាព​ទាំងនោះ​កាន់តែមានភាពជាក់ស្តែង ជាក់លាក់និងពោរពេញដោយគោលដៅ។ តាមរយៈសកម្មភាព​លម្អិតទាំងនេះហើយ ដែលធ្វើឲ្យអ្នកអាចបំពេញតាមការពេញចិត្តរបស់អ្នក។

២. ប្រើប្រាស់ភាពជ្រះស្រឡះនៃខួរក្បាល

ជៀសវាងភាពយឹតយ៉ាវចំពោះការងារពាក់ព័ន្ធនឹងខួរក្បាល។រៀនធ្វើការសម្រេចចិត្តដែលឆាប់រហ័ស និងមានភាពប្រាកដប្រជា។ ភាពជ្រះស្រឡះនៃខួរក្បាលធ្វើឲ្យខួរក្បាលអាចមើលឃើញកាន់តែ​ងាយស្រួលថាតើសេចក្តីសម្រេចមួយណាដែលនាំអ្នកទៅជិត ឬទៅកាន់តែឆ្ងាយពី គោលដៅរបស់​អ្នក។

ទោះបីជាយ៉ាងណាក៏ដោយមុនពេលដែលអ្នកផ្លាស់ប្តូរសេចក្តីសម្រេចណាមួយ ចូរពិចារណាដោយ​ប្រុងប្រយ័ត្នអំពីចំណុចល្អនិងអាក្រក់នៃការផ្លាស់ប្តូរនោះ។ ភាពប្រញាប់ប្រញាល់អាចបណ្តាលឲ្យមាន​មហន្តរាយ។គ្រប់ពេលដែលអ្នកដូរការសម្រេចចិត្តចាស់ អ្នករត្រូវប្រើប្រាស់ឱកាសដើម្បីសិក្សា​អំពីអ្វីដែលអ្នកត្រូវការដើម្បីធ្វើឲ្យបានកាន់តែល្អនៅពេលក្រោយនិងបញ្ជាក់បន្ថែមអំពីព័ត៌មាន​លម្អិតដែលនឹងបំពេញតាមបទដ្ឋានរបស់អ្នក។

ការសម្រេចចិត្តយ៉ាងលឿននិងការផ្លាស់ប្តូរការសម្រេចចិត្តដោយភាពឆ្លាតវៃនឹងធ្វើឲ្យមានតុល្យភាព។

៣. ស្តាប់ដោយស្វែងយល់អំពីសារនានា មិនមែនត្រឹមត្រូវស្តាប់ឮសារទាំងនោះប៉ុណ្ណោះទេ

ការស្តាប់ត្រូវចំណាយកម្លាំងជាច្រើនក្នុងការគ្រប់គ្រងខ្លួនឯងដោយអ្នកមិនត្រឹមតែត្រួតពិនិត្យសន្ទុះ​ផ្ទាល់ខ្លួនរបស់អ្នកក្នុងការទទួលបានអ្វីដែលអ្នកចង់បានប៉ុណ្ណោះទេប៉ុន្តែថែមទាំងវិភាគអំពីសារនានា​ដែលអ្នកកំពុងប្រើប្រាស់នៅក្នុងការងាររបស់អ្នកដើម្បីស្វែងយល់អំពីអត្ថន័យ​ពិតប្រាកដ ។

បង្កើតទម្លាប់ហើយខាត់បន្ថយការចាប់អារម្មណ៍ពីគ្រប់សារដែលអ្នកបានទទួលហើយស្តាប់តែអ្វីដែលបង្កប់នៅក្នុងសារនោះជំនួសវិញ។ផ្តោតចំណាប់អារម្មណ៍លើអារម្មណ៍​ដែលមានពីធម្មជាតិរបស់អ្នក ដើម្បី “ស្វែងយល់”អំពីភាពរំជួលចិត្ត និងអារម្មណ៍របស់អ្នកដទៃ។ ព័ត៌មានដែលមនុស្សភាគច្រើនផ្តល់ជូនមិនមែនតាមរយៈពាក្យសំដីឡើយ។ ការពិតតែងតែត្រូវបាន​សម្តែងចេញមកតាមរយៈភាសាកាយវិការសូរសម្លេង ក្រសែភ្នែក និងការប៉ះពាល់ជាកស្ដែង។

ប្រសិនបើគ្មានវិន័យក្នុងការស្តាប់និងការស្វែងយល់អំពីអត្ថន័យដែលបានបង្កប់នៅក្នុងសារនានាទេ​នោះ អ្នកអាចនិងងាយចេញពីភាពជោគជ័យនិងមើលឃើញវាថា “ការបកប្រែខុស”។

៤. បង្កើតបញ្ជីការងារ

បង្កើតទម្លាប់ក្នុងការសរសេរអ្វីដែលអ្នកចង់សម្រេចអោយបានសម្រាប់ថ្ងៃបន្ទាប់សប្តាហ៍ក្រោយ ខែក្រោយ និងឆ្នាំក្រោយ បន្ទាប់មកធ្វើការផ្តល់អាទិភាពដល់ចំនុចទាំងនោះ។តាមវិធីនេះ អ្នកនឹងអាចចាត់ចែង​យ៉ាងមានប្រសិទ្ធភាពនូវពេលវេលាដែលចាំបាច់សម្រាប់ការងារនីមួយៗយោងតាមសារៈសំខាន់​របស់វា។

ចូរចងចាំថា បញ្ជី គឺជាកិច្ចសន្យា។នៅពេលដែលអ្នកសរសេរអ្វីមួយ អ្នកបានព្រមព្រៀងហើយថានឹង​ធ្វើឲ្យរឿងទាំងនោះអោយកើតឡើង។សកម្មភាពដែលត្រូវបានសរសេរជាលាយលក្ខណ៍អក្សរខិតទៅរកភាព​អាចសម្រេចបាន ច្រើនជាងសកម្មភាពដែលអ្នកគ្រាន់តែគិតស្រមៃ។

៥. សរសេរគំនិតរបស់អ្នក ចូលក្នុងកំណត់ហេតុ

ការសរសេរគំនិតរបស់អ្នកទុកគឺជាទម្លាប់ដែលមានប្រយោជន៍មួយសម្រាប់ការបកប្រែគំនិត​ទាំងនោះនៅក្នុងទម្រង់ដែលអាចមើលឃើញ។ការសរសេរអាចផ្តល់ឲ្យអ្នកនូវទស្សនវិស័យអំពីអ្វីដែលអ្នកចង់​បាន កន្លែងដែលអ្នកកំពុងឈរអ្វីដែលអ្នកមិនចង់ធ្វើម្តងទៀត និងអ្វីដែលអ្នកត្រូវការសម្រេចឲ្យបានដើម្បីឈានឲ្យដល់គោលដៅ ។

នៅពេលអ្នកសរសេរចេញមកខួរក្បាលខាងឆ្វេងរបស់អ្នកត្រូវបានបង្វែរចំណាប់អារម្មណ៍ពីការគិតដែលធ្វើឲ្យខួរក្បាលខាងស្តាំដែលមានគំនិតបង្កើត អាចបញ្ចេញគំនិតថ្មីៗនិងការច្នៃប្រឌិតរបស់អ្នកបានកាន់តែអស្ចារ្យដែលវាមានសារៈសំខាន់ចំពោះការនាំផ្លូវគំនិតរបស់អ្នក​ទៅកាន់គោលដៅ ។

ការកត់ត្រាគឺជាការអនុវត្តចុងក្រោយបំផុតដើម្បីស្វែងរកទស្សនៈវិស័យនានាក្នុងការដោះស្រាយ​បញ្ហា។គ្មានវិធីស្វែងរកដំណោះស្រាយជាក់ស្តែងណាមួយដែលល្អជាងការចំណាយពេលសរសេរចេញ​មកនូវ​រចនាបថភាពជោគជ័យ ភាពបរាជ័យ ការអភិវឌ្ឍ និងការបង្កើតគំនិតថ្មីៗឡើយ។

៦.  ស្រឡាញ់អ្វីដែលអ្នកធ្វើ

នៅក្នុងរឿងជោគជ័យរបស់វរជនដែលយើងបានឃើញទាំងអស់ចាប់ពី Oprah រហូតដល់ Bill Gates និងរហូតដល់ Walt Disney ពួកគេគឺជាបុគ្គលដែលធ្វើអ្វី ដែលពួកគេចង់ធ្វើជាទីបំផុតហើយជាលទ្ធផល​ពួកគេទទួលបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់។ ដើម្បីប្រកួតប្រជែងនឹងបុគ្គលទាំងនេះ អ្នកចាំបាច់​ត្រូវតែមានការប្តេជ្ញាចិត្ត ឆ្ពោះទៅរកទិសដៅមួយដែលផ្លៃតម្លៃសម្រាប់សង្គម។

តម្លៃផ្នែកហិរញ្ញវត្ថុ គ្រាន់តែជាផលប្រយោជន៍មួយផ្នែកប៉ុណ្ណោះ។ វាជាការឆ្លុះបញ្ចាំងអំពីគុណតម្លៃ​ដែលអ្នកបានធ្វើអោយជីវិតអ្នកដទៃប្រសើរឡើង។

៧. មានឆន្ទះក្នុងការលះបង់

ភាពជោគជ័យត្រូវតែមានការលះបង់។បង្កើតទម្លាប់ក្នុងការ “សម្តែងចេញមកខាងក្រៅ” ជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃ។ មានការប្តេជ្ញាចិត្ត ចំពោះការចំណាយពេលវេលា ដោយគ្មានកំណត់និងមានឆន្ទះក្នុងការ​​ប្រើប្រាស់ពេលវេលា និងថាមពលទាំងអស់ ធ្វើការងារដើម្បីឆ្ពោះទៅកាន់គោលដៅរបស់អ្នក។

គ្មានផ្លូវដែលដើរទៅកាន់ភាពជោគជ័យ តាមរយៈភាពខ្ជិលច្រអូសនោះឡើយ។ សហគ្រិនជាច្រើនមិន​ទទួលបានជោគជ័យដូចអ្វីដែលពួកគេអាចទទួលបានពីព្រោះពួកគេគ្មានឆន្ទះក្នុងការ “លះបង់” ដើម្បីឈានទៅកាន់កម្រិតកពូលនៃការប្តេជ្ញាចិត្តរបស់ពួកគេ។

បង្កើតទម្លាប់ក្នុងការស្វែងរកអ្វីដែលរំខានដល់ ការធ្វើសកម្មភាពរបស់អ្នកហើយកំចាត់វាចោល ពីព្រោះអ្នកត្រូវចំណាយពេលវេលាជាច្រើនលើវាប៉ុន្តែវាមិនបានបន្ថែមគុណតម្លៃពិតប្រាកដដល់ជីវិត ឬអាជីវកម្មរបស់អ្នកឡើយ។ ចូរដាក់សកម្មភាពដែលរំខានទាំងនោះ ទៅក្នុងប្រភេទនៃការ​កំសាន្តនិងធ្វើការប្តេជ្ញាចិត្តក្នុងការផ្តល់អាទិភាពដល់ទំនួលខុសត្រូវ លើការងារជាមុនហើយ​ការកំសាន្តត្រូវនៅលេខរៀងទីពីរ។

ចំណុចដំបូងគេបង្អស់ ក្នុងការផ្តោតចំណាប់អារម្មណ៍ លើភាពជោគជ័យនោះគឺការសម្រេចគោលដៅ​នានា ដែលអ្នកបានកំណត់ដើម្បីឈានទៅរកភាពជោគជ័យនោះ។

៨.អនុវត្តការបណ្តុះបណ្តាលខ្លួន

សហគ្រិនដែលទទួលបានភាពជោគជ័យជាពិសេសបង្កើតទម្លាប់ក្នុងការបង្កើតកិច្ចសន្ទនាក្នុង​ខ្លួនដែលមានភាពវិជ្ជមានមួយដូច្នេះចូរបង្កើតទម្លាប់និយាយពីភាពវិជ្ជមានជាមួយខ្លួនឯង។ អ្នក​អាចនិយាយជាមួយខ្លួនឯងតាមរយៈ ការប្រឈមជាមួយបញ្ហាឬនិយាយអំពីវិធីរបស់អ្នក ក្នុងការវែកញែកអំពីបញ្ហា​ទាំងនោះឲ្យកាន់តែលម្អិត​។

ឥរិយាបទអវិជ្ជមាន មិនគួរអនុញ្ញាអោយមាននៅក្នុងជីវិតរបស់អ្នកទេ វានឹងនាំអោយមិនហ៊ានជំនះទៅរកភាពជោគជ័យ។ ចូរជ្រើសរើសយកឥរិយាបថវិជ្ជមានដើម្បីទទួលបាន​ជោគជ័យ។ នេះមិនមែនមានន័យថាអ្នកត្រូវតែរីករាយគ្រប់ពេលវេលានោះទេអ្នកគ្រាន់តែមិនត្រូវឲ្យ​អារម្មណ៍អវិជ្ជមានបង្អាក់ស្មារតីអ្នកបានឡើយ។

៩.ចូលរួមក្នុងការធ្វើលំហាត់ប្រាណ

ពុំមានវិធីណាមួយក្នុងការសម្អាតផ្លូវចិត្តរបស់អ្នកផ្សារភ្ជាប់ជាមួយគំនិតច្នៃប្រឌិត បង្កើត​ថាមពលដល់ខួរក្បាល និងបង្កើនគុណភាពនៃការគេងរបស់អ្នកបានល្អជាងការធ្វើ​លំហាត់ប្រាណឡើយ។ បង្កើតទម្លាប់ក្នុងការបង្កើន “ភាពរស់រវើក”និងធ្វើឲ្យសុខភាពរបស់អ្នក​កាន់តែល្អឡើង មានសុភមង្គល និងអាយុវែង។

ខួរក្បាលមានភាពនឿយហត់ នៅពេលដែលវាចូលរួមក្នុងសកម្មភាព ដែលប្រើប្រាស់ខួរក្បាលជាបន្ត​បន្ទាប់ខណៈពេលដែលការធ្វើលំហាត់ប្រាណ គឺជាសកម្មភាពដ៏ចាំបាច់មួយ ក្នុងការផ្តល់ថាមពលដល់ខួរក្បាល។ដូច្នេះ ចូរធ្វើលំហាត់ប្រាណបែបណាមួយដែលអ្នកចូលចិត្តជារៀងរាល់ថ្ងៃ។

១០. ចេះជួយអ្នកដទៃវិញ

ដើម្បីទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដ អ្នកត្រូវការបេសកកម្មជីវិតមួយដែលឆ្លុះបញ្ចាំងអំពី​បំណងក្នុងការបង្កើតការផ្លាស់ប្តូរដ៏ធំធេងមួយនៅក្នុងជីវិតរបស់អ្នកដទៃ។ កត្តាជំរុញដ៏សំខាន់​សម្រាប់អ្នក គួរមិនមែនជាការគិតពីមាសប្រាក់ឡើយ ។ ការធ្វើដូច្នេះក្នុងអាជីពរបស់អ្នក នឹងនាំអ្នកទៅកាន់​សុភមង្គល ការពេញចិត្តចំពោះខ្លួនឯង និងចំនុចសំខាន់នៃជីវិតដែលអ្នកព្យាយាមស្វែងរក។

ចូរប្រាកដអំពីមូលហេតុដែលអ្នកចង់ធ្វើការងាររបស់អ្នក។ ប្រសិនបើអ្នកត្រូវបានអូសទាញដោយការ​ស្រេកឃ្លានមាសប្រាក់តែមួយមុខនោះអ្វីដែលអ្នកនឹងទទួលបាននោះគឺ ការត្រូវបានពង្វក់ឬដឹកនាំដោយប្រាក់។ អ្នកគួរតែស្វែងរកគំនិតស៊ីជម្រៅនៃចក្ខុវិស័យ និងដឹកនាំវាដើម្បីភាពល្អប្រសើរជាងមុនសម្រាប់ជីវិត​របស់អ្នកដទៃ។

ជាក់ស្តែងណាស់ភាពជោគជ័យ មិនមែនជាអ្វីដែលអ្នកទទួលបាន ដោយការជ្រើសរើសជំរើសពីរបី​នោះទេ។យើងទាំងអស់គ្នាមានឱកាសស្មើៗគ្នា។ ចំណុចខុសគ្នាជាចម្បងគឺ​នៅលើកម្លាំងជំរុញ ឆន្ទះការខិតខំប្រឹងប្រែង និងទម្លាប់រៀងៗខ្លួន។ ដូច្នេះចូរធ្វើជាបុគ្គលម្នាក់ដែលឈានទៅ​កាន់ភាពជោគជ័យ ដោយមិនមានភាពភ័យខ្លាចមានគោលដៅច្បាស់លាស់ មានភាពអំណត់ មានគំនិតច្នៃប្រឌិត និងដោយឯករាជ្យ។ ទម្លាប់ល្អជាគ្រិះក្នុងការអភិវឌ្ឍសមត្ថភាព​របស់អ្នកឲ្យចំណុចកំពូល៕