ថ្ងៃនេះ ១៥ មិថុនា ២០២០ ជាខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ នា ទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឲ្យ កម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។

សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ និងដេញកងកម្លាំងប្រដាប់អាវុធរបស់ថៃ ឱ្យចាកចេញពីប្រាសាទព្រះវិហារ រហូតដល់កម្ពុជា បានចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នាថ្ងៃ ​៧​កក្កដា ឆ្នាំ​២០០៨ ។ ហើយក្នុងខែកក្កដាឆ្នាំ២០០៨ ផងដែរ ថៃ បានលើកទ័ពចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈជាប់ប្រាសាទព្រះវិហារជាថ្មីម្ដងទៀត។ ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ បានផ្ទុះឡើងម្ដងទៀត ឈានដល់ការផ្ទុះអាវុធដាក់គ្នា។ 

សូមរំលឹកដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ ក៏បានបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូល នៃតំបន់ប្រាសាទព្រះវិហារនិងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ ចេញពីបរិវេណជុំវិញប្រាសាទ៕