រាជធានីភ្នំពេញ៖ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ត្រូវបានរាជរដ្ឋាភិបាល គ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ ៧.៥០០លានដុល្លារ អាមេរិកត្រូវជា៤៥,៨៥ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ដែលថយចុះ១,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០នេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅ របស់ប្រជាជនព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិកូវីដ-១៩។ នេះបើតាមការថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយគណៈកម្មការជំនាញរដ្ឋសភា មុនពេលដាក់សេចក្តីព្រាងច្បាប់នេះ ទៅកាន់​សម័យប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី១៦ខែវិច្ឆិកា។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀបប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានគំាទ្រដល់សេចក្តីព្រាងច្បាប់នេះ ដោយសារមានសារសំខាន់ដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យប្រសើរ ឡើងវិញ។

ឯកឧត្តម មានប្រសាសន៍ថា គណៈកម្មការរដ្ឋសភាបានឯកភាពគាំទ្រទាំងស្រុង លើសេចក្តីព្រាងច្បាប់នេះនិងសម្រេចបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា​នាពេលខាងមុខ៕