សុខភាពគឺជាទ្រព្យដ៏មានតម្លៃមួយ ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានហើយវាក៏ ជាផ្នែកមួយដែលជួយជំរុញ និងកំណត់ជីវិតរបស់អ្នក ឱ្យរស់ប្រកបដោយសេចក្តីសុខនិងសុភមង្គលផងដែរ។ ជាមួយគ្នានេះដែរគេសង្កេតឃើញថា ក្នុងចំណោម ប្រជាជនក្នុងប្រទេសនៅទូទាំងសកលលោក ប្រទេសជប៉ុនគឺជាប្រទេស មួយដែលស្ថិតក្នុងចំណាត់ថ្នាក់លេខមួយដែលមានអាត្រាប្រជាជនមានសុខភាពល្អ និងមានអាយុវែងជាងគេ។ ទាំងនេះគឺដោយសារតែប្រជាជននៃប្រទេសនេះមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់ពួកគេ និងមានវិធីសាស្រ្តក៏ដូចជាតិចនិចពិសេសៗ ក្នុងការថែរក្សាសុខភាពរបស់ខ្លួនបានយ៉ាងល្អ។ ដូច្នេះយើងនឹងបង្ហាញអ្នកពីវិធីសាស្រ្តល្អៗទាំង៥ ក្នុងថែរក្សាសុខភាពរបស់ប្រជាជនជប៉ុន ដែលធ្វើឱ្យពួកគេមានអាយុវែង។
១) ការទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ
ការទទួលទានរបបអាហារដ៏ត្រឹមត្រូវ គឺជាចំណុចមួយដែលប្រជាជនជប៉ុនតែងតែធ្វើការ យកចិត្តទុកដាក់ជានិច្ច ដើម្បីថែរក្សាសុខភាពរបស់ពួកគេ។ របបអាហារដែល ប្រជាជនជប៉ុនចូលចិត្តធ្វើការទទួលទាន ភាគច្រើនគឺជាប្រភេទអាហាររូបត្ថម្ភ ដែលមានសារធាតុចិញ្ចឹមខ្ពស់មានប្រូតេអ៊ីនច្រើន និងមានខ្លាញ់ទាបដែលជួយជំនួយ ដល់សុខភាព និងប្រឆាំងនឹងជំងឺផ្សេងៗមានដូចជា សាច់ត្រី តៅហ៊ូ និងបន្លែជាដើម។
២) ការធ្វើលំហាត់ប្រាណ
ជាការពិតណាស់ការហាត់ប្រាណ គឺជាផ្នែកមួយដែលអាចធ្វើឱ្យសរីរាង្គកាយរបស់អ្នករឹងមាំនិងមានសុខភាពល្អ ជាពិសេសនោះគឺប្រឆាំងនឹងជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះដែរ ការហាត់ប្រាណ ក៏ជាវិធីសាស្រ្តដ៏ល្អមួយដែលប្រជាជនជប៉ុនស្ទើរតែទាំងអស់បាន អនុវត្តជាប្រចាំ ដើម្បីជំនួយដល់សុខភាពរបស់ពួកគេឱ្យបានប្រសើរឡើង និងអាចរស់នៅបានយូរអង្វែង។ មនុស្សគ្រប់វ័យតែងតែធ្វើលំហាត់ប្រាណជាញឹកញាប់ ជាពិសេសនោះ គឺមនុស្សចាស់ជរាដោយពួកគាត់តែងតែអនុវត្តនូវការធ្វើលំហាត់ ប្រាណជារៀងរាល់ថ្ងៃតែម្តង។
៣) ការទទួលទានតែបៃតងជាប្រចាំ
តែបៃតងគឺជាភេសជ្ជៈម៉្យាងដែលមានសារធាតុចិញ្ចឹមជាច្រើនមុខក្នុងការជួយឱ្យអ្នកមានសុខភាពល្អ និងរឹងមាំ។ វាត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈដែល ប្រជាជនជប៉ុនទម្លាប់ទទួលទានជាប្រចាំថ្ងៃ។ តែបៃតងអាចជួយកាត់ បន្ថយសារធាតុមិនល្អនៅក្នុងខ្លួនមនុស្សនិងជួយការពារកោសិកាពីបាក់តេរីផ្សេងៗ ដែលបណ្តាលឱ្យសរីរាង្គកាយរបស់អ្នកចុះទន់ខ្សោយនិងអាចបង្កជាជម្ងឺរ៉ាំរ៉ៃជាដើម។
៤) ការទទួលទានសារ៉ាយសមុទ្រ
សារ៉ាយសមុទ្រ គឺជាមុខម្ហូបនិងជាគ្រឿងផ្សំមួយមុខដែលពេញនិយមជាខ្លាំង នៅក្នុងប្រទេសជប៉ុន។ វាមានជាតិខ្លាញ់ទាបនិងផ្ទុកទៅដោយជាតិដែលជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាមនិងធ្វើឱ្យពោះវៀនរបស់អ្នកមានចលនាដើរល្អ។អ្នកអាចធ្វើ ការទទួលទានបាន បើទោះបីវានៅស្រស់ ឬស្ងួតក៏ដោយ។
៥) ការរក្សាអនាម័យ
ប្រទេសជប៉ុន ជាប្រទេសមួយដែលប្រជាជនទូទៅ មានអនាម័យល្អ និងតែងតែធ្វើការផ្តោតទៅលើភាពស្អាតជានិច្ច។ មិនថាខ្លនប្រាណ អាហារ និងបរិស្ថានជុំវិញខ្លួនគឺចាំបាច់ត្រូវតែមានអនាម័យ និងស្អាតជានិច្ច ដើម្បីទទួលបានបរិយាកាសបរិសុទ្ធនិងបញ្ជៀសនូវមេរោគផ្សេងៗដែលអាចមានផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត របស់ពួកគេ។
ជារួមមកវិញសុខភាព គឺជារឿងដែលសំខាន់ និងចាំបាច់បំផុតដែលអ្នកត្រូវតែយកចិត្តទុកដាក់ឱ្យបានល្អ ពីព្រោះថាវាគឺជាផ្នែកមួយដែលកំណត់ជោគវាសនារបស់អ្នកបាន។ម៉្យាងវិញទៀតអ្នកអាចយកគម្រូតាមវិធីសាស្រ្តល្អទាំង៥ ខាងលើនេះ ដើម្បីទទួលបាន នូវសុខភាពល្អនិងកាត់បន្ថយនូវជំងឺផ្សេងៗ៕