ភ្នំពេញ៖ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន កំពុងតែបន្តបង្ហាញពីសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនផ្នែកការអភិវឌ្ឍលំនៅដ្ឋានកម្រិតមធ្យម ដែលកាន់តែធ្វើឱ្យតំបន់នេះក្លាយជាតំបន់ពាណិជ្ជកម្មនៅជាយក្រុងថ្មីមួយទៀត។ 

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ភ្នាក់ងារ ក្រមា ប៉ុស្ដិ៍ ថា នៅតំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់ តំបន់នោះនឹងទទួលបានការវិនិយោគជាបន្តបន្ទាប់ពីវិនិយោគិនក្នុងស្រុក និងមកពីក្រៅប្រទេស។ នៅពេលមានផ្លូវ មានភ្លើង មានទឹកគ្រប់គ្រាន់ នឹងជួយសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់ពលរដ្ឋពីតំបន់មួយទៅតំបន់មួយទៀត និងប្រើពេលខ្លី តែបើសិនជាការធ្វើដំណើរពិបាក នោះនឹងមិនអាចទាក់ទាញពលរដ្ឋទៅរស់នៅតំបន់នោះបានឡើយ ។ 

លោកបញ្ជាក់ថា “ដោយសារតែកត្តានេះហើយ ទើបរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រីកនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ទាំងក្នុងតំបន់និងពី ភ្នំពេញ ទៅកាន់បណ្ដាខេត្តនានាផងដែរ ជាក់ស្ដែងបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន”។ លោកបន្តថា “តម្រូវការលំនៅដ្ឋាននៅពេលចប់កូវីដ១៩ នឹងមានកំណើនកាន់ច្រើន ដូច្នេះ វិនិយោគិននឹងចាប់ផ្ដើមសម្លឹងមើលតំបន់ណាដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍគម្រោងរបស់ខ្លួន”។

លោកបានបញ្ជាក់ថា សម្រាប់លំនៅដ្ឋានជាប្រភេទផ្ទះជាប់ដី នឹងត្រូវអភិវឌ្ឍន៍នៅតាមជាយរាជធានី ហើយលំនៅដ្ឋានប្រភេទខុនដូ ឬលំនៅដ្ឋានសហកម្មសិទ្ធិនឹងត្រូវអភិវឌ្ឍន៍នៅតំបន់កណ្ដាលក្រុង ឬតំបន់ដែលមានដីថ្លៃ ព្រោះគេអាចលក់បានក្នុងតម្លៃខ្ពស់ក្រោយបញ្ចប់ការអភិវឌ្ឍន៍ ដោយសារតែការចំណាយខ្ពស់ក្នុងការទិញដីសាងសង់ផងដែរ។ 

នាយកក្រុមហ៊ុន Great Cam Asia  លោក គឹម វិចិត្រ  បានមានប្រសាសន៍ផងដែរថា “តំបន់ភាគខាងត្បូងបាន និងកំពុងទាក់ទាញក្នុងការអភិវឌ្ឍលំនៅដ្ឋានដ៏មានសក្ដានុពល ដោយសារតែកត្តាសំខាន់ៗមួយចំនួន ដូចជាការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោងសាងសង់ផ្សារទំនើប AEONទី៣ ដែលជាផ្សារទំនើបធំជាងគេនៅកម្ពុជា បន្ថែមពីនេះនៅមានគម្រោងអភិវឌ្ឍក្រុងរណប និងបណ្តុំលំនៅដ្ឋានជាច្រើនគម្រោងទៀត”។ 

លោកបន្តថា “នៅមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ វិនិយោគិននឹងចាប់ផ្ដើមបោះទុនវិនិយោគលើគម្រោងផ្សេងៗជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់ស្នាក់នៅផង និងសម្រាប់វិនិយោគរកប្រាក់ចំណេញផងដែរ”៕