ជាធម្មតាទៅហើយចំពោះរឿងស្នេហាដែលតែងតែមានការបែបបាក់ ជាពិសេសចំពោះយុវវ័យដែលទើបតែមានបទពិសោធន៍តិចក្នុងរឿងទំនាក់ទំនងជាដៃគូស្នេហា ដូច្នេះហើយទើបការបែកបាក់អាចធ្វើឱ្យមនុស្សមួយចំនួនតូចដោះស្រាយតាមផ្លូវខុស ដូចជាធ្វើបាបខ្លួនឯង គុំគួនអ្នកដទៃ។ តើអ្នកគួរធ្វើបែបណា ដើម្បីសម្រួលអារម្មណ៍ឱ្យបានល្អប្រសើរនៅពេលដែលអ្នកទើបបែកបាក់ស្នេហា?

១.ទុកឱកាសឱ្យខ្លួនឯងនៅម្នាក់ឯង៖ ការនៅម្នាក់ឯងបន្ទាប់ពីអ្នកបែកបាក់ស្នេហាភ្លាមៗ មិនមែនជារឿងដែលធ្វើឱ្យអ្នកគិតខ្លីនោះទេ ប៉ុន្តែជួយឱ្យអ្នកបានពិចារណាទៅលើបញ្ហាជាច្រើនផ្សេងទៀត។ ចំពោះចំណុចដែលធ្វើឱ្យអ្នកពិបាកចិត្ត បើអាចអ្នកកុំព្យាយាមមិនយំអី អ្នកយំបានព្រោះការយំធ្វើឱ្យអារម្មណ៍អ្នកបានប្រសើរ ហើយអ្នកក៏អស់ចិត្តជាមួយបញ្ហាខ្លះៗដែលនាំឱ្យកង្វល់។

២.ចាប់ផ្ដើមទទួលយកមតិពីមនុស្សជុំវិញខ្លួន៖ នៅពេលដែលអ្នកយំអស់ចិត្តហើយ ហើយអ្នកអាចមកជួប ឬនិយាយជាមួយមនុស្សដែលជិតដិត អ្នកត្រូវតែនិយាយបញ្ហារបស់អ្នកទៅកាន់គេ។ ហើយចាំស្ដាប់ការគិត ការណែនាំរបស់អ្នកដទៃដើម្បីឱ្យអារម្មណ៍អ្នក រៀនទទួលយកការពិតខ្លះដែលអ្នកមិនហានទទួលយកពីមុន។

៣.ចាប់ផ្ដើមធ្វើអ្វីដើម្បីខ្លួនឯង៖ នៅពេលដែលអ្នកមានស្នេហាអ្នកអាចភ្លេចខ្លួនដោយកែប្រែចរិត និងទម្លាប់ផ្សេងដើម្បីតែមនុស្សដែលអ្នកស្រឡាញ់ ហើយរឿងទាំងនេះហើយនៅពេលដែលអ្នកទើបបែកគ្នា ធ្វើឱ្យអ្នកនឹកគេខ្លាំង។ ដូច្នេះហើយអ្នកត្រូវត្រឡប់មកធ្វើជាខ្លួនឯង និងធ្វើអ្វីដើម្បីខ្លួនឯងឱ្យច្រើន ដូចជាហាត់ប្រាណ ថែរក្សាសុខភាពឱ្យល្អ និងបង្កើតចំណេះដឹងថ្មីៗ។

៤.រៀនបើកចិត្តទទួលយកការពិត៖ មូលហេតុខ្លះដែលអាចធ្វើឱ្យអ្នកនៅតែឈឺចាប់ អាចដោយសារតែអ្នកនៅមិនទាន់ព្រមទទួលយកការពិត អ្នកមិនព្រមទទួលស្គាល់ថាការបែកគ្នារបស់អ្នក គឺជាការពិតមិនមែនបែកត្រូវៗ ដូចដែលអ្នកធ្លាប់នោះទេ។ ប្រសិនបើអ្នកនៅតែគិតបែបនេះ អ្នកនៅតែទន្ទឹងថាអ្នកមិនទាន់បែកបាក់ស្នេហាហើយការឈឺចាប់របស់អ្នកនឹងបន្តទៅរហូត។

៥.បង្កើតទម្លាប់ថ្មី៖ ប្រសិនបើពីមុនមកអ្នកមិនចូលចិត្តអានសៀវភៅ អ្នកសាកមកចាប់ផ្ដើមអានសៀវភៅ ព្រោះថាការអានក៏ជួយយកពេលវេលាដែលធ្វើរឿងឥតប្រយោជន៍ មកធ្វើរឿងមានប្រយោជន៍វិញ ហើយអ្នកអាចត្រឡប់មកធ្វើម្ហូប ឬរៀនធ្វើម្ហូបថ្មី ឬក៏ចេញទៅក្រៅជួបមនុស្សថ្មីដែលអាចឱ្យអ្នកបានរៀនពីទម្លាប់របស់គេបាន។

បើនិយាយជារួមទៅ យុវវ័យមិនគួរឱ្យពេលវេលាលើរឿងស្នេហាច្រើនជាការយកពេលវេលាដើម្បីរកចំណេះដឹងដាក់ខ្លួនដើម្បីអនាគត និងការប្រឹងប្រែងរកស៊ី ធ្វើការដើម្បីទទួលបានចំណូលឡើយ ក៏ប៉ុន្តែគឺជារឿងធម្មតាទៅហើយ។ ដូច្នេះហើយប្រសិនបើអ្នកកំពុងតែបែកបាក់ទំនាក់ទំនងមួយដែលធ្វើឱ្យអ្នកពិបាកខ្លាំងអ្នកអាចសាកល្បងចំណុចទាំង៥ខាងលើនេះបាន៕