ការពិភាក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិនបានប្រព្រឹត្តទៅក្នុងកំឡុងពេលនៃដំណើរទស្សនៈកិច្ចផ្លូវការទៅកាន់រដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ ២១-២៣ខែមករា ឆ្នាំ ២០១៩ ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត ចិន ។
ក្រោយមក នៅថ្ងៃទី ២២ មករា ឆ្នាំ ២០១៩ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាឲ្យក្រុមការងារចម្រុះចាប់ផ្ដើមធ្វើការសិក្សាមួយ ដើម្បីត្រួតពិនិត្យលទ្ធភាពទាំងផលចំនេញ និងបញ្ហាប្រឈមនានានៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន ក្នុងការបើកបន្ថែមនូវច្រកទីផ្សារទំនិញនិងសេវាសំដៅពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។
ការសិក្សានេះត្រូវបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៩ ហើយបានដាក់ឆ្លងនីតិវិធីផ្ទៃក្នុង និងស្នើសុំការអនុម័តយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន។ ក្រុមចរចារកម្ពុជា បានទទួលការអនុញ្ញាតជាគោលការណ៍ ពីរាជរដ្ឋាភិបាលឲ្យចាប់បើការការចរចារនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩។
ដំណើរការនៃការកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន បានបើកដំណើរការជាផ្លូវការ តាមកាលបរិច្ឆេទដូចខាងក្រោម៖
- កិច្ចចរចារបានចាប់ផ្ដើមជាផ្លូវការលើកទី១ នៅថ្ងៃទី ២០ ២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុង ប៉េកាំង ប្រទេសចិន
- កិច្ចចរចារលើកទី២ធ្វើនៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ
- កិច្ចចរចារលើកទី៣ធ្វើនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (ជាជុំចុងក្រោយ)
ក្រោយពីបានបញ្ចប់កិច្ចចរចារចំនួន៣ជុំរួច រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរមាន ឯកឧត្តម ប៉ាន សូរស័ក្ដិ និងឯកឧត្តម ចុងស្សាន បានប្រកាសបិទបញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម CCFTAនេះជា ផ្លូវការតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០២០។
ភាគីទាំងពីរបានសម្រេចុះហត្ថលេខាលើកិច្ចព្រមព្រៀងCCFTAនេះ ក្នុងកំឡុងទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសសាធារណៈរដ្ឋប្រជាមានិតចិននាថ្ងៃ១២ តុលា ឆ្នាំ ២០២០ ៕
ប្រភពពីក្រសួងពាណិជ្ជកម្ម