ខេត្តព្រះវិហារ៖ ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជាដែលធ្វើឡើងនៅក្នុង សហគមន៍ដងផ្លិត-អាហារដ្ឋានត្មាតក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ឃើញសត្វត្មាតមាន ៣៤ក្បាល ថយចុះពីឆ្នាំកន្លងទៅ១០ក្បាល។

ក្រសួងបរិស្ថានបានផ្ដល់ព័ត៌មានថា សត្វត្មាតចំនួន៣៤ ក្បាលបានចុះមកស៊ីសត្វគោងាប់ ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោមការឧបត្ថម្ភគាំទ្រ របស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន៩ ក្បាល ត្មាតភ្លើងចំនួន ៣ ក្បាលនិងត្មាតត្មោតចំនួន ២២ក្បាល។

ជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជានេះ មានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមបើកការ ជាមួយអាជ្ញាធរខេត្តមន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រាលទ្ធផលជម្រឿនសត្វត្មាតនៅឆ្នាំ ២០១៩ កន្លងទៅបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ប្រភេទ មានចំនួន ១៣៧ក្បាល ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែងនិងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។

សូមជម្រាបជូនដែរថា ចំនួនសត្វត្មាតដែលរកឃើញ៣៣ក្បាលនេះ មិនទាន់រាប់បញ្ចូល ពីលទ្ធផលជម្រើននៅតំបន់ផ្សេងទៀតនៅឡើយទេ។ ការជំរឿនកាលខែធ្នូឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន ៤៤ ក្បាលដែលនេះជាការថយចុះនៅតំបន់មួយ៕

សត្វត្មាត កម្ពុជា ខេត្តព្រះវិហារ (រូបភាពពីក្រសួងបរិស្ថាន)