មានសិស្សមិនតិចទេ ដែលជួបប្រទះនឹងការលំបាក ក្នុងការសិក្សាគណិតវិទ្ យាដោយសារតែមុខវិជ្ជាវិទ្យាសាស្រ្តមួយនេះ ត្រូវការ ការអនុវត្តច្រើន។

តើធ្វើយ៉ាងណាឲ្យការសិក្សាមុខវិជ្ជានេះ ត្រូវបានជោគជ័យ? យុវជន លឹម ម៉េងសាយ ដែលត្រូវបានគេស្គាល់ថា ជាជើងឯកគណិតវិទ្យា និង ក៏ជាសិស្សដែលទទួលបាននិទ្ទេស A កាលពីឆ្នាំ២០១៥ បានចែករំលែកបទពិសោធន៍មួយចំនួន ដែលគេធ្លាប់បានយកមកអនុវត្តន៍ នាពេលកន្លងទៅដើម្បីឲ្យការសិក្សាមុខវិជ្ជានេះ កាន់តែមានប្រសិទ្ធិភាព។ គន្លឹះទាំងនោះមានដូចជា៖ 

១.ដាក់គោលដៅអោយច្បាស់ថាចង់បានអ្វី?

ឧទាហរណ៍ថាតើអ្នកចង់រៀនមេរៀនគណិតវិទ្យាណាមួយគឺត្រូវគិតថា ចង់រៀនមុខវិជ្ជានោះ ក្នុងកម្រិតថ្នាក់ណា?រយៈពេលប៉ុន្មាន?

២.អនុវត្តផែនការដែលបានដាក់ចេញ

ក្នុងន័យនេះមានន័យថា ក្នុងការរៀនគណិតវិទ្យា ត្រូវតែប្រកាន់វិធីមួយគឺ រៀនមេរៀនណាគឺរៀនអោយយល់ច្បាស់(លម្អិត)សិនទើបរៀនដោះស្រាយលំហាត់វា។ឧទាហរណ៍ រៀនមេរៀន អាំងតេក្រាល គឺត្រូវរៀនអោយយល់ច្បាស់សិនថាតើវាជាស្អី?តើវាចេញមកពីណា?វាមានទំនាក់ទំនងអីខ្លះជាមួយមេរៀនមុនៗ(ដូចជាដេរីវេ....)។

៣.មើលលំហាត់គំរូ

ពេលយល់មេរៀនហើយ ទៅមើលលំហាត់គម្រូដើម្បីបានជាគំនិតនិងផ្លូវដើរសម្រាប់លំហាត់នានា រួចទើបខំធ្វើលំហាត់អនុវត្តជាប្រចាំ

ដល់ពេលរៀនចប់មេរៀនណាមួយគួរតែត្រួតពិនិត្យខ្លួនឯងតាមរយៈការធ្វើតេស្តខ្លួនឯងរួចវាយតម្លៃនិងកែលម្អរឺបន្តទៅមេរៀនថ្មីទៀត។

៤. សាលល្បងវិញ្ញាសាចាស់

វាជាការប្រសើរបំផុតបើអាចត្រៀមខ្លួនតាមរយៈការសាកល្បងវិញ្ញាសាដែលធ្លាប់ប្រលងឆ្នាំមុនៗមកអោយបានច្រើនដើម្បីបានជាគំនិត និងមានទំនុកចិត្តក្នុងការធ្វើវិញ្ញាសា

សូមកុំមើលស្រាលស្ថានការណ៍( លំហាត់ រឺ សំណួរ)ត្រូវរៀនគ្រប់មុខវិជ្ជានិងគ្រប់មេរៀនអោយបានច្បាស់ ជៀសវាងការភ្លាំងភ្លាត់ ក្នុងការប្រឡងថ្នាក់ជាតិនិង ចងចាំថា តែយើងចេះហើយ គេចេញពីអីក៏មិនខ្លាចដែរ។

សូមរំឭកជូនថា យុវជន លឹម ម៉េងសាយ ក៏ជានិស្សិតអាហារូបករណ៍ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញហើយនាពេលដ៏ខ្លីខាងមុខនេះ ម៉េងសាយ នឹងទៅបន្តការសិក្សានៅ ប្រទេសជប៉ុនថ្នាក់បរិញ្ញាបត្រ ជំនាញ ស្ថាបត្យកម្ម។ 

ក្រៅពីជោគជ័យ ដែលបានរៀបរាប់ខាងលើ យុវជន ម៉េងសាយ វ័យ ១៧ឆ្នាំ រូបនេះ ក៏បានចូលរួមប្រកួតប្រជែងកម្មវិធីផ្សេងៗ នៅឆាកអន្តរជាតិ ហើយសប្តាហ៍ក្រោយរូបគេក៏នឹងមានការប្រកួតមួយទៀតនៅម៉ាលេស៊ី៕