ក្រុងតាខ្មៅ៖ ជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។

ក្នុងឱកាសបានចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ​ ហ៊ុន សែន កាលពីថ្ងៃទី ២៨ ធ្នូ ឯកឧត្តម Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា៕