រាជធានីភ្នំពេញ៖ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន២៦៧០ករណី បណ្តាលឱ្យស្លាប់ចំនួន១៤៩៧នាក់ និង របួសចំនួន៣៦១៥នាក់ក្នុងនោះរបួសធ្ងន់ធ្ងរចំនួន២២៤៦នាក់ ប្រៀបធៀបនឹងឆ្នាំ២០២០ គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកបានថយចុះចំនួន៥០៩លើក ស្មើនឹង១៦% អ្នកស្លាប់បានថយចុះចំនួន ១៤៩នាក់ ស្មើនឹង៩% និងអ្នករបួសបានថយចុះចំនួន១០៧១នាក់ ស្មើនឹង២៣% ហើយមូលហេតុដែលបង្កឱ្យមាន គ្រោះថ្នាក់ភាគច្រើន គឺការបើកបរហួសល្បឿនកំណត់ដោយច្បាប់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ណែនាំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ហើយប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ ក្នុងការពន្យល់ច្បាប់ចរាចរណ៍ ជូនចំពោះអ្នកល្មើសច្បាប់។

សម្ដេចក្រឡាហោម បន្ដថា ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ចិត្តសាស្ដ្រអ្នកប្រើប្រាស់ផ្លូវ ដែលជំរុញឱ្យមានកំណើន នៃការគោរពប្រតិបត្តិច្បាប់ និងការកាត់បន្ថយគ្រោះថ្នាក់ និងចំនួនជនរងគ្រោះ។

សម្ដេចក្រឡាហោម ក៏បានជំរុញអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរយានយន្ដ ដោយត្រូវពិនិត្យកែទម្រង់ជាបន្ទាន់នូវកត្តា ចំនួន៣ យ៉ាង គឺទី១-កែទម្រង់សមត្ថភាពគ្រូ , ទី២-កែទម្រង់ការសិក្សា (កម្មវិធីសិក្សា-សម្ភារសិក្សា-ទីកន្លែងហ្វឹកហាត់) និងទី៣-កែទម្រង់គុណភាព នៃការប្រឡងយកបណ្ណបើកបរ ក្នុងគោលដៅលើកកម្ពស់គុណភាពសមត្ថភាពអ្នកបើកបរគ្រប់រូបឱ្យមានកម្រិតយល់ដឹងជ្រៅជ្រះទាំងទ្រឹស្ដី និងការបើកបរ ក្លាយជាអ្នកបើកបរគោរពច្បាប់ និងមានសីលធម៌យោគយល់អាធ្យាស្រ័យខ្ពស់។

ក្នុងប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ បានរកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង ស្មើ៧៥% និងរថយន្ត ចំនួន ៥៤.៩២៣គ្រឿង ស្មើ ២៥% ហើយការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន ១៩.៩១១.៨៩៥.០០០រៀល៕