រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩មីនា នេះបានបង្ហាញពីករណីឆ្លងកូវីដ១៩កើនឡើងចំនួន ៤០នាក់ អ្នកជាសះស្បើយ ០៦នាក់ និងមានស្លាប់១នាក់។
ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជា ត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ពីករណីឆ្លងសហគមន៍២០កុម្ភៈ ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈដែលចំនួនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស បានកើនដល់ជាង ២.៥សែននាក់ និងនៅបន្តចាក់ជាបន្តបន្ទាប់។
គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០៨៧នាក់ និងអ្នកដែលបានជាសះស្បើយ ១១៧២នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។
ក្នុងថ្ងៃនេះ ក្រសួងបានកត់ត្រាបន្ថែមពីករណីស្លាប់១នាក់ទៀត ដោយក្រសួងបានបញ្ជាក់ថា គាត់បានស្លាប់នៅផ្ទះ នៅថ្ងៃទី ២៧ មីនា ឆ្នាំ២០២១។ នេះធ្វើឲ្យករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប ១១នាក់៕