រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧មីនា នេះបានបង្ហាញពីករណីឆ្លងកូវីដ១៩កើនឡើងចំនួន ១៧៩នាក់ និងអ្នកជាសះស្បើយ ៥៨នាក់ ។ ជាការកត់ត្រាដ៏ខ្ពស់បំផុតលើករណីឆ្លងថ្មីប្រចាំថ្ងៃ ដែលមិនធ្លាប់មានក្នុងប្រវត្តិនៃការឆ្លងកូវីដ១៩នៅកម្ពុជា រយៈពេលជាង១ឆ្នាំមកនេះ។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជា ត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ពីករណីឆ្លងសហគមន៍២០កុម្ភៈ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈដែលចំនួនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេស បានកើនដល់ជាង ២សែននាក់។ 

គិតត្រឹមថ្ងៃនេះសរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​១០០៥នាក់ និងអ្នកដែលបានជាសះស្បើយ ១១៣២នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តព្រៃវែង។

សូមបញ្ជាក់ដែរថា ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប៨នាក់ហើយ ដែលក្នុងនោះមានជនជាតិខ្មែរ ៧នាក់និងជនជាតិចិនម្នាក់។

ករណីព័ត៌មានពីស្រ្ដីជនជាតិខ្មែរម្នាក់ទៀត វ័យ៤៣ឆ្នាំ ដែលបានទទួលមរណភាព នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាថ្ងៃទី២៧មីនា មិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយទេ៕