រាជធានីភ្នំពេញ៖ ឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ។
របាយការណ៍ប្រចាំឆ្នាំពីកំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញពីបរិមាណទូរកុងតឺន័រដឹកជញ្ជូនទំនិញចេញចូល តាមកំពង់ផែក្រុងភ្នំពេញ មានចំនួន ២៩០,៨៥៧ TEUs(ទូរ) កើនឡើង៣,៤៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ មានតែ២៨១,០៤៥ TEUs ប៉ុណ្ណោះ។ សម្រាប់ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញវិញ មានចំនួន៣,៧៨០,៥៣០តោន ធ្លាក់ចុះ០,២៤%។
ដោយឡែកនាវាផ្ទុកទំនិញ ឆ្លងការកំពង់ផែ មានចំនួន២,៣៦៣គ្រឿងធ្លាក់ចុះ១,៩១%, ទទួលនាវាទេសចរណ៍ចំនួន១២៦ជើង ធ្លាក់ចុះរហូតដល់៦៨,២៦ភាគរយ% និងបរិមាណអ្នកដំណើរ មានចំនួន៩,៧៣៣នាក់ ធ្លាក់ចុះរហូតដល់ ៦៩,៨៧%។
មន្រ្តីជំនាញបានបញ្ជាក់ដែរថា ការធ្លាក់ចុះដោយសារតែស្ថានភាពកូវីដ-១៩ ធ្វើឲ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញ ក៏ដូចជាសេវាផ្សេងៗមានភាពយឺតយ៉ាវ។ ដោយឡែកកំពង់ផែស្វយ័តភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហានេះហើយកំពង់ផែក្រុងភ្នំពេញ បានត្រៀមធ្វើកិច្ចការ ដើម្បីឲ្យសមត្ថភាពផ្ដល់សេវារបស់កំពង់ផែក្រុងភ្នំពេញ គឺអាចបន្ដផ្ដល់ជូនសេវាជូនដល់អ្នកប្រើប្រាស់៣០ភាគរយបន្ថែមទៀត៕