Image

ការផ្តើមមានទំនាក់ទំនងស្នេហាក៏ចាត់ទុកជាការសម្រេចចិត្តសំខាន់មួយផ្នែកផងដែរក្នុងជីវិត ក៏ព្រោះថាជាពេលដែលមនុស្សពីរនាក់ចំណាយពេលស្វែងយល់ពីគ្នាដើម្បីអាចកសាងជីវិតគូមួយបានប្រសើរនៅថ្ងៃខាងមុខ។ ដូចនេះ ការស្វែងយល់នូវហេតុផលមុនពេលអ្នកសម្រេចចិត្តមានទំនាក់ទំនងគឺជារឿងមួយគួរពិចារណាផងដែរ ថាតើអ្នករួចរាល់ក្នុងការមានពេលវេលាសម្រាប់គ្នាឬការយកចិត្តទុកដាក់ ការចែករំលែក? ឬមួយអ្នកគ្រាន់តែមានអារម្មណ៍ឯកាពេលនៅតែម្នាក់ឯង? ហេតុដូចនេះការមានពេលសម្រាប់ពិចារណានូវចំណុចខ្លះៗ គឺអាចជួយអ្នកយល់ពីហេតុផលខ្លះដែលបញ្ជាក់ថាជាពេលត្រឹមត្រូវនិងជាពេលរួចរាល់ជាស្រេចសម្រាប់ការបើកបេះដូងក្នុងទំនាក់ទំនងនៃក្តីស្រលាញ់៖

ចំណុចទី១-តើអ្នកពិតជារួចរាល់ពិតមែនឬទេសម្រាប់ការទទួលស្នេហា?

ចង់នៅជាមួយនរណាម្នាក់ចង់មើលថែនរណាម្នាក់ ឬមួយចែករំលែករឿងរ៉ាវជាដៃគូជីវិត ជារឿងមួយដែលអ្នកនឹងជួប ហើយសញ្ញាណខ្លះៗដែលបង្ហាញថាអ្នករួចរាល់សម្រាប់ទទួលយកសេចក្តីស្នេហាមានដូចជា១.អ្នកពេញចិត្តនឹងអ្វីដែលជាជីវិតខ្លួនអ្នកមកទល់ពេលនេះ ២. វាជាក្តីស្រលាញ់ដែលអ្នកប្រាថ្នាបែប​នោះពុំមែនជាអ្វីដែលជាអារម្មណ៍ប្រាប់អ្នកថាអ្នកគួរតែមានស្នេហា ៣. អ្នកនៅតែមានជំនឿជឿជាក់ថាអាចចាំមនុស្សដែលត្រូវសម្រាប់អ្នក (ជាគូនឹងគ្នា) ៤. អ្នករួចរាល់សម្រាប់ផ្តល់ពេលវេលានិងការយកចិត្តទុកដាក់ទៅលើមនុស្សម្នាក់ទៀត ៥. អ្នកគ្មានសម្ពាធលើរឿងស្នេហានេះដោយអ្នកផ្សេង មិនថាមិត្តភក្តិ ឬអ្នកស្របាលគ្នា។

សរុបមកចំណុចទី១ គឺជួយប្រាប់អ្នកនៅចំណុចសំខាន់ខ្លះដែលប្រាប់អ្នកថា អ្នកពិតជារួចរាល់ និងដល់ពេលវេលាទទួលយកស្នេហាមួយពិតមែន។អ្នកអាចពិចារណាថា ដៃគូជីវិតអ្នក គឺជាមនុស្សមួយដែលនៅជាមួយអ្នករហូតទៅមុខ ប្រៀបដូចជីវិតតែមួយពោលគឺពុំមែនជាអារម្មណ៍ត្រឹមតែមួយពេល មួយថ្ងៃ ឬមួយខែនោះទេ។ 

Image

ចំណុចទី២- ហេតុផលខ្លះដែលប្រាប់ថាអ្នកមិនទាន់រួចរាល់ឬមិនមែនជាពេលវេលាល្អសម្រាប់បង្កើតទំនាក់ទំនងស្នេហា

ពេលខ្លះអ្នកចង់មានស្នេហាក៏ដោយសារហេតុផលខ្លះទៅវិញដូចជាការរំពឹងថាវានឹងដោះស្រាយបញ្ហាក្នុងជីវិតអ្នក ប៉ុន្តែនោះពុំមែនជារឿងល្អនោះទេទាំងពេលបច្ចុប្បន្ននិងពេលវេលាខាងមុខវែងឆ្ងាយ ទាំងអ្នក និងភាគីម្ខាងទៀត។ សញ្ញាណខ្លះដែលអ្នកមិនទាន់ជាពេលវេលាសមរម្យក្នុងរឿងស្នេហាមានដូចជា ១. អ្នកគ្រាន់តែមានអារម្មណ៍ឯកា (ពោលជាដំបូន្មានគឺអ្នកគួរតែជាអ្នករីករាយនឹងជីវិតខ្លួនឯងដែលមានមុនពេលអាចឈានចូលទៅបង្កើតអភិវឌ្ឍស្នេហាជាមួយនរណាម្នាក់សម្រាប់ជាដៃគូ) ២. អ្នកចង់បាននរណាម្នាក់គ្រាន់តែធ្វើឱ្យអារម្មណ៍ និងជីវិតអ្នកបានប្រសើរឡើង (ពោលគឺនោះពុំមែនជាក្តីស្រលាញ់ឡើយ)៣. ផ្នត់គំនិតដែលអ្នកគិតថាជីវិតមានដៃគូគឺតែងតែល្អ (សេចក្តីស្នេហាគឺកើតចេញពីអ្នកមានចិត្តទៅលើមនុស្សម្នាក់ទៀត ហើយគេក៏ដូចគ្នាដែលក្លាយជាក្តីស្រលាញ់មួយទៅជាដៃគូជីវិតពិតប្រាកដ ពោលគឺពុំមែនដើម្បីតែមានដៃគូសម្រាប់បង្ហាញអ្នកដទៃ ទាំងដែលអ្នកពុំមានក្តីស្រលាញ់)៕