ពេលដែលអ្នកគិតពីប្រធានល្អម្នាក់តើគេបានធ្វើអ្វីខ្លះនៅកន្លែងការងារ? តើគេមានសម្ថភាពបែបណា ក្នុងការគ្រប់គ្រងនិងដឹកនាំក្រុមការងារដែលអាចអោយអ្នកពេញចិត្ត និងបំពេញការងារដោយគ្មានការហត់នឿយបាន?

ជាទូទៅអ្នកគ្រប់គ្រងម្នាក់ គេតែងតែបានធ្វើការងារសំខាន់៥យ៉ាងនៅកន្លែងធ្វើការ ដើម្បីអោយមានភាពស្និទស្នាលនិងលម្អបរិយាកាសនៅកន្លែងការងារមួយ ដែលអាចជម្រុញ ប្រសិទ្ធិភាពការងារ និងផ្គាប់ចិត្តបុគ្គលិកបានល្អប្រសើរ។

ប្រធានដ៏អស្ចារ្យម្នាក់ត្រូវធានាថាបរិយាកាសធ្វើការក្នុងក្រុមហ៊ុន ​គឺប្រកបដោយការគោរព និងភាពស្មោះត្រង់ដោយត្រូវចាប់ផ្ដើមពីប្រធានក្នុងការធ្វើជាគំរូល្អ ដល់បុគ្គលិកយកតម្រាប់តាម និងប្រើប្រាស់ជាមួយក្រុមការងារ​ឬជាមួយអតិថិជនក៏ដោយ។

តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីអាចក្លាយជាប្រធានដ៏អស្ចារ្យម្នាក់ ដែលអាចទទួលបានការគោរព និងភាពស្មោះត្រង់ពីបុគ្គលិកបាន? ចម្លើយគឺអ្នកត្រូវអនុវត្តជាប្រចាំថ្ងៃនូវចំនុចទាំងប្រាំ ដូចមានរៀបរាប់ខាងក្រោម៖

១. ជម្រុញអោយមានការរីកចម្រើន

នេះគឺសំដៅលើការរីកចម្រើនរបស់បុគ្គលិក។អ្នកដឹកនាំម្នាក់ ត្រូវជួយបុគ្គលិក ដោយបង្កើនជំនាញរបស់បុគ្គលិកអោយបានច្បាស់លាស់ តាមរយៈវគ្គបំពាក់បំប៉នសមត្ថភាពផ្សេងៗ និងមិនត្រូវគិតថាបុគ្គលិកថ្មីឬចាស់ អាចធ្វើការបានយូរឬអត់នោះទេ អ្នកត្រូវរៀបផែនការជួយបុគ្គលិកដោយប្រើវិធីសាស្រ្តថ្មីៗដែលអាចបង្កើនគុណភាព និងប្រសិទ្ធិភាព។ អ្នកត្រូវដឹកនាំបុគ្គលិកឆ្ពោះទៅរក កំរិតស្ដង់ដាខ្ពស់បំផុតនៃការងារនិងលទ្ធផល។ អ្នកត្រូវធានាថា បុគ្គលិកបានដាក់ចិត្តលើអាជីវកម្មមួយនេះ ដោយចាំបាច់ផ្ដល់នូវសេវាកម្មល្អជានិច្ចសម្រាប់អតិថិជន។

២. អោយតម្លៃលើទំនាក់ទំនង

​ទំនាក់ទំនងវិជ្ជមានផ្ដោតលើការអោយតម្លៃ ការបង្កើនការទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក បើគ្មានចំនុចទាំងនេះនឹងធ្វើអោយបែកបាក់ផ្ទៃក្នុង និងបាត់ការសហការគ្នានៅកន្លែងធ្វើការ។ ទាមទារអោយមានសេចក្ដីថ្លៃថ្នូរក្នុងខ្លួន​ជាមូលដ្ឋានក្នុងធ្វើការងារប្រចាំថ្ងៃ។គេបង្កើតអោយមានជាច្បាប់ទម្លាប់ច្បាស់លាស់ ដើម្បីធានាតម្លាភាពសម្រាប់គ្រប់គ្នា។

៣. ជុម្រុញអោយមានភាពល្អឥតខ្ចោះ

កំណត់ស្ដង់ដាមួយដែលខ្ពស់បំផុតក្នុងការអនុវត្តការងារសម្រាប់ខ្លួនឯង និងសម្រាប់បុគ្គលិកគ្រប់គ្នា។ បើកាលណាក្រុមការងារនិងស្ថាប័ននោះ មានស្ដង់ដាមួយច្បាស់លាស់ជាគោល នោះនឹងអាចជម្រុញ និងលើកទឹកចិត្តដល់បុគ្គលិកណាដែលខិតខំប្រឹងប្រែង ហើយទទួលបានលទ្ធផលលើសពីស្ដង់ដា និងគោលដៅដែលបានកំណត់។

៤. ធានាអោយបានគណនេយ្យភាព

អ្នកបានដឹងថាការគ្រប់គ្រងអោយមានគណនេយ្យភាព គឺពិតជាពិបាកក្នុងក្រុម ឬពីបុគ្គលិកម្នាក់ៗ ។ អ្នកត្រូវការបែងចែកតួនាទីនិងភារៈកិច្ចតាមជំនាញផ្សេងៗគ្នា បុគ្គលិកត្រូវមានកាព្វកិច្ចបំពេញការងារ ប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រកបដោយទំនួលខុសត្រូវហើយត្រូវតាមដានផ្ទៀងផ្ទាត់ថាតើការងារដែលបានធ្វើ ពិតជាបានទទួលលទ្ធផលសមស្របមានតម្លាភាព និងត្រឹមត្រូវដែរឬយ៉ាងណា ។

៥. លើកទឹកចិត្ត អោយមានការធ្វើការងារជាក្រុម

ការសហការធ្វើការជាក្រុមក្នុងចំនោមបុគ្គលិក គឺរក្សាបាននៅភាពស្មោះត្រង់នឹងការគោរព លើសពីការធ្វើការដោយប្រកួតប្រជែងតែម្នាក់ៗ។ អ្នកអាចបង្កើតអោយមានជារង្វាន់លើទឹកចិត្ត មិនមែនសម្រាប់តែម្នាក់ប៉ុន្ដែសម្រាប់ក្រុម ។​ ការឈ្នះជាក្រុម បាន បង្កើតជាបរិយាកាសល្អ ដែលបុគ្គលិកត្រូវធ្វើការជាក្រុមក្នុងការផ្ដល់នូវផលិតផល និងបម្រើសេវាកម្ម ដែលមាន។

ការយកចំនុចទាំងនេះទៅអនុវត្តក្នុងក្រុមការងាររបស់អ្នកនោះអ្នកនឹងអាចខ្លាយជាអ្នកដឹកនាំអស្ចារ្យម្នាក់ក្នុងចិត្តបុគ្គលិក ហើយអាចជម្រុញភាពល្អប្រសើរក្នុងការអនុវត្តការងារ សេវាកម្ម និងប្រាក់ចំនេញ ៕