ចិន​៖ វ៉ាក់សាំង​Adenovirus សម្រាប់​ជំងឺ​វីរុស​COVID-19 ដែល​ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នកជំនាញ​ដែល​ដឹកនាំ​ដោយ​លោកស្រី Chen Wei អ្នកជំនាញ​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​យោធា ប្រទេស​ចិន នា​ថ្ងៃ​ទី​១២ ខែមេសា ត្រូវ​បាន​ឈាន​ដល់​ដំណាក់កាល​ពិសោធន៍​ព្យាបាល​ជំងឺ​លើក​ទី​២​។​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

បើ​តាម​ស្ថានទូត ក្នុង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា នេះ​ជា​វ៉ាក់សាំង​សម្រាប់​ជំងឺ​វីរុស​COVID-19​តែ​មួយ​គត់​លើ​ពិភពលោក ដែល​បាន​ឈាន​ដល់​ដំណាក់កាល​ពិសោធន៍​ព្យាបាល​ជំងឺ​លើក​ទី​២​។

អ្នក​ស្ម័គ្រចិត្ត ៤ នាក់​ដំបូង​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ បាន​បញ្ចប់​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​តាមដាន​វេជ្ជសាស្ត្រ​ហើយ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី ៣១ ខែមីនា​កន្លង​ទៅ​នេះ​។​ចំពោះ​អ្នក​ដែល​ទទួល​ការ​ចាក់​វាក់​សាំង​មុនគេ​បង្អស់​ចំនួន​១០​នាក់​ក៏​បាន​មក​ដល់​រយៈពេល​២៨​ថ្ងៃ​ផង​ដែរ ដែល​ពួក​គេ​ទាំងអស់​សុទ្ធតែ​មាន​អង់​ទី​ករ​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩ ៕