(ភ្នំពេញ)៖  ស្ថានទូតចិនបានបញ្ជាក់ថា រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការ អំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយ និងរោងចក្រវេចខ្ចប់ ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន។ នេះគឺជាការបញ្ចប់ នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរ ក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជា ទៅប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៥ កន្លែងទទួលបានការអនុញ្ញាត ក្នុងកិច្ចការនាំចេញមួយនេះ។

ដំណាំស្វាយកម្ពុជា បានក្លាយជាផ្លែឈើទី២ ដែលអាចនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីដំណាំចេក។ នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការប្រកប ដោយអត្ថប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម។

ស្ថានទូតចិនបានរំលឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២០ ចិន និងកម្ពុជាបានចុះហត្ថលេខា លើពិធីសារស្តីអំពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន។ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិនបានត្រួតពិនិត្យលើបញ្ជីឈ្មោះ នៃចំការស្វាយ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន ហើយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ភាគីចិនសម្រេចជាផ្លូវការ អំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយ និងរោងចក្រវេចខ្ចប់។

សូមជម្រាបដែរថា ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញស្វាយស្រស់ សរុបចំនួនជាង ២៤លានដុល្លារ ស្មើនឹង៩៧ ៦២៧តោន ក្នុងនោះនាំចេញទៅកាន់ប្រទេសដូចជា៖ ប្រទេសវៀតណាម ៦៥ ៤៥១តោន, ប្រទេសថៃ ៣១ ៩៥៣តោន, ប្រទេសកូរ៉េ ៧៧តោន, ប្រទេសបារាំង ២៨.៨តោន, ចិនហុងកុង ៥៥.៥តោន, ប្រទេសរុស្សី១៩តោន និងប្រទេសសិង្ហបុរី ៤៣តោន៕