សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រត់​ដើម្បី​សប្បុរស​ធម៌​ជា​មួយ​សាយ​ជា​គម្រោង​​​មួយ​ដើម្បី​ផ្តល់​​គំរូ​វិជ្ជមាន​ក្នុង​សហគមន៍​ ត្រូវ​បាន​​​ផ្តួច​ផ្តើម​​ឡើង​ដោយ​លោក សាយ ជា​សិល្បករ​មួយ​រូប​ដែល​ចូល​ចិត្ត​ការ​រត់​។ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១០មករា ឆ្នាំ​២០២១ កម្ម​វិធី​មួយ​នេះបាន​បញ្ចប់​ទៅ​យ៉ាង​ជោគ​ជ័យ​ដោយ​បាន​ស្វែង​រក​ថវិកា​ប្រមាណ​៤៧​ម៉ឺន​ដុល្លារ​​ ជូន​មន្ទីរ​ពេទ្យ​កុមារ​អង្គរ គិត​ចាប់​ពី​ការ​រត់​ផ្តើម​ពី​ថ្ងៃ​ទី​​០៦តុលា ២០២០​ សរុប​រយៈ​ពេល​៩៧​ថ្ងៃ ឆ្លង​កាត់​២១​ខេត្ត​ក្រុង ក្នុង​រយៈ​ចម្ងាយ​រត់​​២,៤០៨​គីឡូម៉េត្រ​។

សម្រាប់​​​​ការ​រត់​ជុំ​វិញ​ប្រទេស ​ដើម្បី​​​​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​នេះមិន​មែន​តែ​លើ​ការ​រៃ​អង្គាស​​តែ​ប៉ុណ្ណោះ​ទេប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អត្ថន័យ​និង​គោល​ដៅ ដែល​លោក ​សាយ ​ចង់​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​​ទៅ​ដល់​ការ​ជួយ​កុមារ និង​អនាគត​របស់​ពួក​គេ។ ដោយ​យោង​តាម​របាយការណ៍របស់​អង្គការ​យូនីសេហ្វ នា​ឆ្នាំ​២០១៨ បង្ហាញ​​ថាអត្រា​មរណភាព​របស់​កុមារ​​ ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ក្នុង​ចំណោម​កុមារ​១​ពាន់​នាក់ មាន​២៨​នាក់​​ បាន​ទទួល​មរណភាព។ សាយ​ ចាប់​ផ្តើម​ពី​សកម្មភាព​តូច​មួយ​នេះដោយ​ជឿ​ជាក់​ថាវា​ជា​ផ្នែក​​មួយ​កាត់​បន្ថយ​អត្រា​មរណ​ភាព​របស់​កុមារ និង​ដើម្បី​ជួយ​កុមារ​ដែល​កំពុង​ត្រូវ​ការ​​​ការ​គាំ​ទ្រ​ផ្នែក​សុខាភិបាល​ផង​ដែរ។

Image

សាយចង់​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ចូល​រួម​ធ្វើ​អ្វី​មួយ​​ដើម្បី​សង្គម​ជាតិ​។ សាយ​ សម្រេច​ជ្រើស​រើស​យក​ការ​រត់​ជុំ​ប្រទេស​កម្ពុជាដើម្បី​រៃ​អង្គាស​មូល​និធី​សប្បុរស​ធម៌ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរក៏​បាន​ឆ្លៀត​ផ្សព្វផ្សាយ​ពី​សារ​អប់​រំ​ស្តី​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរការ​ថែ​រក្សា​បរិស្ថាន ក៏​ដូច​ជា​ការ​គ្រប់​គ្រង​សំរាម​ផ្ទាល់​ខ្លួន​ព្រម​ទាំង​ចំណេះ​ដឹង​អំពី​បញ្ហា​សង្គម​ផង​ដែរ។ ខណៈ​ពេល​ដែល​ជំងឺ​កូវីដ​១៩ នៅ​តែ​ជា​ការ​គំរាម​កំហែង​ដល់​សហគមន៍​នៅ​ឡើយវា​ពិត​ជា​សំខាន់​ដែល​កម្មវិធី​ខាង​លើ​នេះជា​ផ្នែក​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​នានា​ទាក់​ទង​នឹង​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ពី​របៀប​ថែ​រក្សា​អនាម័យ និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ។

នេះ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​យុវជនដោយ​ហេតុ​ថា​យុវជន​ គឺ​ជា​សសរ​ទ្រូង​ដ៏​សំខាន់​របស់​សង្គម​ជាតិ​ទាំង​មូល​។ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​​ ដែល​ប្រជាពល​រដ្ឋ​ម្នាក់​នៅ​ក្នុង​សង្គម​ជាតិចូល​រួម​ចែក​រំលែក​ដោះ​ស្រាយ​បញ្ហា​មិន​ថា​តូច ​ឬ​ធំ​ រក្សា​ឱ្យ​បាន​នូវ​ការ​រួប​រួម​គ្នាដើម្បី​ភាព​រីក​ចម្រើន​ទាំង​អស់​គ្នា។ នេះ​ជា​ក្តី​សង្ឃឹម​និង​ការ​ចូល​រួម​គាំ​ទ្រ​តូច​មួយដើម្បី​យុវជន​ជំនាន់​ក្រោយជា​ពិសេស​ ដើម្បី​ធានា​បាន​ថាកុមារ​ទទួល​បាន​ឱកាស​ដូច​​ៗ​គ្នា​ក្នុង​ការ​លូត​លាស់​​ប្រកប​ដោយ​សុខភាព​បរិបូណ៌ ​និង​ក្លាយ​ជា​ធន​ធាន​មនុស្ស​ដ៏​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

Image

គួរ​រំលឹក​ដែរ​ថា លោក​ សាយ ដែល​មាន​ឈ្មោះ​ដើម អ៊ួន​ បឋម គឺ​ជា​សិល្បករ​ម្នាក់​ដែល​សកម្ម​​ក្នុង​ការងារ​សង្គម និង​ការងារ​ស្ម័គ្រ​ចិត្ត​។ លោក​ចូល​ចិត្ត​ជំនះ​លើ​ខ្លួន​ឯងដើម្បី​បង្កើត​​ឱ្យ​មាន​លទ្ធផល​ល្អ​ដល់​សង្គម។ ជា​មួយ​នឹង​ទេព​កោសល្យ​ខាង​ច្រៀងនិពន្ធ​បទ​ចំរៀង និង​សម្តែង​លោក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​​ជា​ខ្លាំង​លើ​វិស័យ​កីឡា​ផង​ដែរ។ សាយ​ បាន​រត់​ចំនួន​៤​ឆ្នាំ​មក​ហើយ និង​បាន​ចូល​រួម​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​ជា​ច្រើន​ដងរាប់​ចាប់​តាំង​ពី​​ការ​ប្រណាំង​ក្នុង​រយៈ​ចំងាយ​២១​គីឡូម៉ែត្រ ​៤២​គីឡូម៉ែត្រ និង​៦៤​គីឡូម៉ែត្រចាប់​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០។ បទ​ពិសោធ ​និង​ការ​ហ្វឹក​ហាត់​ជា​ប្រចាំ​បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ទៅ​ជា​បេក្ខជន​ដែល​ស័ក្តិ​សម​បំផុត​សម្រាប់​ការ​រត់​ជុំ​វិញ​ប្រទេស​កម្ពុជា​។ សាយ​ ជឿ​ថាមនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ចែក​រំលែក​ទៅ​សង្គម​វិញជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​ការ​ជា​ក្រុម ពួក​គេ​អាច​ធ្វើ​បាន​នូវ​រឿង​ដែល​ពួក​គេ​ធ្លាប់​គិត​ថាធ្វើ​មិន​បាន​។ ចាប់​ផ្តើម​ពី​ក្តី​ប្រាថ្នា​​ដ៏​មុត​មាំ​បាន​ក្លាយ​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​​មួយ​ដើម្បី​អប​អរ​សាទរ​ខួប​កំណើត​របស់​លោក និង​បង្ហាញ​ពី​ភាព​កត្តញ្ញូ​ចំពោះ​មាតុ​ភូមិ និង​ជន​រួម​ជាតិតាម​រយៈ​ការ​ប្តេជ្ញា ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​​នេះ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ជា​វិជ្ជមាន​សម្រាប់​មនុស្ស​គ្រប់​គ្នា៕​

Image

ប្រភព​៖ Saicambodianartist