សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED ដែលត្រូវបានគេដឹងថាជាការវិនិយោគរួម របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង ជាមួយក្រុមហ៊ុនចិន SinoSteel ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទុនវិនិយោគប្រមាណ១ប៊ីលានដុល្លារអាមេរិក។
គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានរំពឹងថា នឹងអាចបង្កើតការងារបានចំនួន៣៦០កន្លែងផងដែរ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រប្រើដុតធ្យូងថ្មដែលមានស្រាប់ចំនួន ៣ ដែលអាចផលិតថាមពលបាន ៧៤០ មេហ្គាវ៉ាត់ ក្នុងចំនួនសរុប។ រោងចក្រថាមពលទាំងនេះ មានទីតាំងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមជម្រាបផងដែរថានៅខែវិច្ឆិកាឆ្នាំ ២០២០ ក្រុមហ៊ុន Sinosteel នៃប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាវិនិយោគចំនួន ១,១ ពាន់លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីសាងសង់រោងចក្រធ្យូងថ្មនេះដោយឈរលើមូលដ្ឋាន“សាងសង់ គ្រប់គ្រងនិងប្រតិបត្តិការ” (BOO) ។ ស្ថានីយ៍ថាមពលត្រូវបានគ្រោងសម្រាប់ប្រតិបត្តិការនៅឆ្នាំ ២០២៣-២០២៤៕