នៅមុនការធ្វើកិច្ចការអ្វីមួយ យើងច្រើនគិតរំពៃមើលគន្លឹះមួយចំនួនសម្រាប់អនុវត្តឱ្យចេញជាសមិទ្ធិផលផ្លែផ្កា។ នៅអត្ថបទនេះ នឹងបង្ហាញលោកអ្នក នូវចំណុចមួយចំនួនដែលជាគន្លឹះ សម្រាប់ជាគំនិតក្នុងការដឹកនាំកិច្ចការផ្សេងៗ។ សម្រាប់ចំណុចទាំងនេះគឺបានចែករំលែកដោយលោក ពឹង គិមឆេន ជាគ្រូឧទ្ទេស នៅក្នុងវគ្គទី៧ ដែលស្តីពី “គន្លឹះគំនិតដឹកនាំ និងប្រភេទនៃការដឹកនាំ”នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី “ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”។ ចំណុចជាទុនគំនិតសម្រាប់កិច្ចការដឹកនាំ ទាំងនោះមានដូចជា៖

. មានសតិស្មារតី

ដើម្បីសម្រេចកិច្ចការអ្វីមួយបា​នចាំបាច់អ្នកដឹកនាំ ត្រូវមានសតិស្មារតី។ សតិស្មារតីនេះ សម្តៅទៅលើការរលឹកដឹងជារឿយៗនូវអ្វីដែលត្រូវធ្វើកិច្ចការដែលត្រូវធ្វើ ដោយមិនមានការប្រមាថ ដែលជាហេតុធ្វើឱ្យធ្លោះធ្លោយក្នុងដំណើរកិច្ចការនោះ។ ដូច្នេះ គន្លឹះសម្រាប់កិច្ចការដឹកនាំ ការមានសតិស្មារតីជាប្រធានគឺជាភាពចាំបាច់សម្រាប់អ្នកដឹកនាំ។

. មានការសង្កេត

ភ្ជាប់នឹងសតិស្មារតីសម្រាប់ទៅបំពេញកិច្ចការការសង្កេត ក៏ត្រូវមានជាចាំបាច់។ អ្នកដឹកនាំត្រូវដឹងព័ត៌មានគ្រប់ជ្រុង ទាំងមុន ទាំងកំពុងបំពេញកិច្ចការនិងក្រោយបំពេញកិច្ចការ ពោលគឺក្តាប់បានព័ត៌មានបានច្រើនគ្រប់ជ្រុងជ្រោយ ទើបការសម្រេចការងារបានជោគជ័យមានភាគរយខ្ពស់។ អ្នកដឹកនាំ ដោយពុំមានការសង្កេតជាមូលដ្ឋាន នឹងអាចខ្វះខាត ខាតពេលវេលានិងមានភាពឆកល្វែងច្រើន ក្នុងការបំពេញកិច្ចការ។

Image

. មានការពិចារណា

បន្ទាប់ពីការប្រកាន់ភ្ជាប់សតិស្មារតីក្នុងការដឹកនាំនិងការសង្កេត ការគិតគូរពិចារណា ជាជំហានបន្ទាប់។ អ្នកដឹកនាំ ត្រូវចេះសួរខ្លួនឯងហេតុអ្វីចង់ធ្វើបែបនេះ? ត្រូវមានតម្រូវការអ្វីខ្លះ? មានកង្វះខាតអ្វីខ្លះ?... ត្រូវមានការថ្លឹងថ្លែង មុនការអនុវត្តជាសកម្មភាព។

. មានវិធានការអនុវត្ត

ក្រោយពីការពិចារណាល្អិតល្អន់រួច អ្នកដឹកនាំត្រូវមានវិធានការសម្រាប់អនុវត្តសកម្មភាព។ លោកពឹង គិមឆេន ជាគ្រូឧទ្ទេស បានលើកឡើងក្នុងចំណុចនេះថា វិធានការ គឺមានពីរពោលគឺក្នុងអំឡុងពេលអនុវត្តកិច្ចការ ព្រមទាំង ការបកត្រលប់មកពិចារណាវិញ សម្រាប់ដាក់ចេញវិធានការកែតម្រូវក្នុងករណីជួបកង្វះខាត ឬបញ្ហាណាមួយ។

. មានការវាយតម្លៃ

ក្រោយពេលអនុវត្តបានចេញជាលទ្ធផលចំណុចដែលមិនគួរមើលរំលងផងនោះគឺ ការវាយតម្លៃ។ ការវាយតម្លៃនេះ គឺសម្តៅទៅលើ ការវិភាគលើលទ្ធផលតើវាមានប្រសិទ្ធិភាពប្រសើរជាងការអនុវត្តមុនៗឬទេ ឬការអនុវត្តនោះពុំបានប្រសើរដូចនេះយើងនឹងអាចសង្កេតដឹង និងលៃលកបន្ថែមវិធីសាស្រ្តថ្មី ឬដដែលសម្រាប់ជាទុនក្នុងការបំពេញកិច្ចការលើកក្រោយទៀត ដែលផ្តើមចេញពីគន្លឹះខាងលើដូចដែលបានរៀបរាប់នេះ៕