សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ពេល​ខ្លះ​ការ​រស់​នៅ​ជា​មួយ​​ដំណើរ​កម្សាន្ត​នឹង​នាំ​មក​ឱ្យ​អ្នក​វិញ​នូវ​អារម្មណ៍​ស្រស់​ស្រាយទៅ​តាម​ទី​បរិស្ថាន​ល្អ​ៗដែល​នៅ​ជុំ​វិញ​​ខ្លួន​អ្នក។ បើ​ពេល​ខ្លះ យើង​មាន​ថវិកា​មាន​កម្រិត ​ក៏​ប៉ុន្តែ​យើង​ក៏​អាច​នៅ​ច្នៃ​ជា​វិធី​ខ្លះ​ៗ​ដើម្បី​សម្រួល​ដល់​ការ​ចំណាយ។ ចំណុច​ខាង​ក្រោម​នេះជា​​​បទ​ពិសោធ​ខ្លះ​ៗដែល​​យើង​អាច​ពិចារណា​សម្រាប់​ដំណើរ​កម្សាន្ត​មាន​ខ្ទង់​ថវិកា​របស់​យើង​៖​

.ដើរ​​មែន​តែ​មាន​ផែន​ការ​ច្បាស់​លាស់

ប្រាកដ​ណាស់​បើ​យើង​មាន​គំនិត​ថាតើ​ត្រូវ​ដើរ​​កម្សាន្ត​ដោយ​ចាយ​ពេល​ប៉ុន្មាន​ថ្ងៃ និង​គោល​ដៅ​ត្រូវ​ទៅ​ចំ​កន្លែង​ណា​ខ្លះមិន​ថា​​​ទី​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ ឬ​ទៅ​លេង​​នៅ​ក្រុង តាម​តំបន់ក៏​គួរ​មាន​ផែន​ការ​សកម្មភាព​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះដូច​នេះ​អ្នក​អាច​ស្មាន​ពី​ខ្ទង់​ចំណាយ​​ក្នុង​កម្រិត​មួយ​ដែល​អាច​នៅ​ក្រោម​លុយ​ដែល​មានពិសេស​កន្លែង​​សម្រាក និង​ការ​ហូប​ចុក​និង​មិន​លើស​ពី​លុយ​ដែល​ត្រៀម​បង្ការ​ពេល​មាន​បញ្ហា​ផ្សេង​ៗ​។

.បើ​អាចដើរ​ខុស​រដូវ​​កាល​​ថ្ងៃ​ឈប់​​សម្រាក

​មែន​ហើយ​ដំណើរ​កម្សាន្ត​​ចំ​ថ្ងៃ​បុណ្យ​ឈប់​សម្រាកអ្វី​ៗ​ប្រាកដ​ជា​​ឡើង​ថ្លៃ​ខ្លះ ដោយ​សារ​តម្រូវ​ការ​ច្រើន​​​ដូច​នេះយើង​ក៏​នៅ​តែ​​​អាច​​មាន​ជម្រើស​​អាច​ឆ្លៀត​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទី​ដៅ​ដែល​បាន​ប៉ង​ទុកដោយ​រើស​នៅ​មុន​ថ្ងៃ ឬ​ក្រោយ​​ថ្ងៃ​បុណ្យ​សម្រាក។ បែប​នេះ គឺ​សម្រួល​ដល់​យើង​នៅ​ក្នុង​​ថវិកា​មួយ​មាន​កម្រិតម្យ៉ាង​​សេវា​ទេសចរណ៍​នៅ​​​ថ្ងៃ​ក្រៅ​ពី​បុណ្យ​សម្រាកគឺ​​​តែង​បញ្ចុះ​តម្លៃ​សម្រាប់​​ទាក់​ទាញ​អ្នក​ដែល​ដើរ​កម្សាន្ត​ខុស​រដូវ​​នេះ​ផង​ដែរ​។

Image

.កន្លែង​ស្នាក់​នៅ​បែប​ឆ្លាត​វៃ​

ជា​ការ​សន្សំ​សំចៃ​ដែល​អ្នក​អាច​ស្នើ​សុំ​ជំនួ​យ​ពី​មិត្ត​ភក្តិបង​ប្អូន ឬ​អ្នក​ស្គាល់​គ្នាក្នុង​ពេល​ណា​មួយ​​ដែល​ថវិកា​ដើរ​មាន​កម្រិត​។ ជា​ឧទាហរណ៍ បើ​អ្នក​ស្គាល់​មិត្តភក្តិ ឬ​​ជា​បង​ប្អូន​​ដែល​​ពួក​គាត់​នៅ​ក្បែរ​កន្លែង​ទី​ដើរ​កម្សាន្តយូរ​ៗ​ម្តង​យើង​ក៏​អាច​រំខាន​គាត់​ខ្លះ​សម្រាប់​ការ​ស្នាក់​នៅ និង​ជូន​​យើង​ដើរ​កម្សាន្ត​ទៅ​ទី​កម្សាន្ត​ក្បែរ​ៗ​នោះព្រោះ​ថា​ពួក​គេ​រស់​នៅ​តំបន់​នោះ​ស្រាប់​។

.រៀប​ចំ​អីវ៉ាន់​ដំណើរ​កម្សាន្ត​​ឱ្យ​ម៉ត់​ចត់​បន្តិច​

ត្រូវ​ប្រាកដ​ថា​អ្នក​បាន​រៀប​ចំ​អីវ៉ាន់​សម្រាប់​ដំណើរ​កម្សាន្ត​អ្នក​បាន​គ្រប់​គ្រាន់​នូវ​អ្វី​ដែល​ត្រូវ​ការ​ចៀស​វាង​ការ​ត្រូវ​ចូល​ហាង​តាម​ផ្លូវ​ និង​ចំណាយ​លុយ​ទិញ​របស់​ប្រើ​ទាំង​នោះ។ របស់​របរ​​សម​ល្មម​ប្រើ​​គ្រប់​គ្រាន់នឹង​កាត់​បន្ថយ​ខ្ទង់​ចំណាយ​អ្នក​បាន​មួយ​ភាគ​ធំ​។

.មធ្យោបាយ​ធ្វើ​ដំណើរ និង​ការ​ហូប​ចុក​​

ចំណុច​សំខាន់​ពីរ​នេះគឺ​មាន​ន័យ​ថា​វា​តម្រូវ​ឱ្យ​យើង​ចេះ​លៃ​លក​​ជ្រើស​យក​មធ្យោបាយ​ដឹក​ជញ្ជូន​ឬ​ធ្វើ​ដំណើរ​ណា​ដែល​​ចំណាយ​តិច​ដល់​ថវិកា​ដែល​យើង​មាន​សម្រាប់​ដើរ​លេង។ ម្យ៉ាង​ទៀត​ ពេល​ដើរ​លេងអ្នក​ក៏​នៅ​តែ​មាន​សិទ្ធិ​ជ្រើស​រើស​​ទៅ​ទិញ​​អាហារ​ហូប​ចុក​នៅ​ទី​តាំង​សមរម្យ​ទៅ​តាម​ខ្ទង់​ថវិកា​របស់​យើងដោយ​ការ​​ជ្រើស​រើស​កន្លែង​លក់​អាហារ​សមរម្យ​និង​តម្លៃ​ទទួល​យក​បាន ​​ឬ​មួយ​បាន​ខ្ចប់​ត្រៀម​នំ​ចំណី​ពី​ផ្ទះមក​សម្រាប់​​ដើរ​កម្សាន្ត​ក៏​ជា​ហេតុ​ដែល​យើង​នៅ​តែ​អាច​រីក​រាយ​នឹង​ដំណើរ​កម្សាន្ត​ក្នុង​របៀប​ចំណាយ​តិច​តួច​នេះ​​​បាន​៕