នាល្ងាចថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវការស្វាគមន៍ជូនគ្នាទៅវិញទៅមកនៅក្នុងបរិយាកាសមួយដ៏ស្និទ្ធស្នាល។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ជាពិសេស ចំពោះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែគាំទ្រទីម័រឡេស្ដេ ដូចជាការស្នើដើម្បីចូលជាសមាជិកទី១១ របស់អាស៊ានជាដើម។ ឯកឧត្តមប្រធានាធិបតី ថែមទាំងបានបង្ហាញនូវគំនិតផ្ដួចផ្ដើម ក្នុងការគោរពអញ្ជើញ សម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្ដេ ក្នុងវេលាសមស្របណាមួយរបស់សម្ដេចតេជោផងដែរ។

ជាកិច្ចបន្ទាប់ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើវិស័យសក្ដានុពលមួយចំនួន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។ ឯកឧត្តមប្រធានាធិបតី ក៏បានស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹងកាន់តែបង្កើនភាពជិតស្និទ្ធរវាងប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។

ចំពោះទិដ្ឋភាពនៃការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល ឯកឧត្តមប្រធានាធិបតី បានស្នើកម្ពុជាបន្តចែករំលែកបទពិសោធន៍ ក្នុងការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ក៏ដូចជាការបន្តគាំទ្រដល់បេក្ខភាពរបស់ទីម័រឡេស្ដេ ក្នុងការចូលជាសមាជិកទី១១ របស់អាស៊ាន។ ឯកឧត្តមប្រធានាធិបតី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្ដេក្នុងការបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដើម្បីចូលជាសមាជិកអាស៊ានឱ្យបានឆាប់ និងការមិនឱ្យទីម័រឡេស្ដេក្លាយជាបន្ទុកសម្រាប់អាស៊ានឡើយ។ ជាមួយនឹងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេកាលពីខែឧសភា ឆ្នាំ ២០២៣កន្លងទៅ ឯកឧត្តមប្រធានាធិបតី បានស្នើឱ្យភាគីកម្ពុជាគាំទ្រចំពោះការកំណត់យកឆ្នាំ ២០២៥ ជាឆ្នាំដែលអាស៊ានប្រកាសជាផ្លូវការនូវសមាជិកភាពពេញសិទ្ធិរបស់ទីម័រឡេស្តេ នៅក្នុងអាស៊ានផងដែរ។

ជាកិច្ចឆ្លើយតប សម្ដេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើនេះ ហើយកម្ពុជានឹងបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេស សម្រាប់ការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់នាពេលខាងមុខ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ប្រកបដោយសុទិដ្ឋិនិយមផងដែរថា អាស៊ានគួរតែពង្រីកបន្ថែមនូវសមាជិករបស់ខ្លួន ដើម្បីរួមចំណែកដល់ការពង្រឹងកម្លាំងនៅក្នុងតំបន់ ឱ្យកាន់តែរឹងមាំ និងមានភាពធន់។ ជាទីបញ្ចប់ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានជូនពរគ្នាទៅវិញទៅមក ក្នុងការបំពេញបេសកកម្មប្រកបដោយផ្លែផ្កានៅអង្គការសហប្រជាជាតិ និងសូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកប ដោយសុខសុវត្ថិភាព៕