ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងថា អាជ្ញាធរខេត្ត បាននិងកំពុងធ្វើការកំណត់ព្រំដី ព្រលានយន្តហោះថ្មីដែលមានផ្ទៃក្រឡាចំនួន៦០០ហិចតា ដែលមានទីតាំងនៅឆ្ងាយពីក្រុងសែនមនោរម្យប្រមាណជា ២០គីឡូម៉ែត្រ ខណៈដែលព្រលានយន្តហោះចាស់ក្នុងក្រុងគ្រោងអភិវឌ្ឍន៍ជាសួនសាធារណៈវិញ។

ការលើកឡើងបែបនេះ ជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងឱកាសដែលលោក អភិបាលខេត្តរូបនេះ អញ្ជើញក្នុងសន្និសិទ្ធសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃ១៦ កក្កដា ឆ្នាំ​២០២០។

លោកបានបន្តលើកឡើងថា ខេត្តធ្លាប់មានព្រលានយន្តហោះចាស់រួចទៅហើយនៅក្នុងក្រុងតាំងពីសម័យរំដោះ តែមិនសាកសមសម្រាប់ស្ថានភាព តម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយមានទំហំតូចផងដែរ។លោកបន្តទៀតថា ព្រលានយន្តហោះចាស់នេះ នឹងត្រូវប្រែក្លាយជាសួនច្បារសាធារណៈ ជាជំហានៗតាមកញ្ចប់ថវិកាដែលមាន៕