ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុនអាជីវកម្មល្បែង ណាហ្គា ដែលកំពុងមានវិសាលភាពយ៉ាងខ្លាំងក្លាយនៅក្នុងរាជធានីភ្នំពេញ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន បណ្តាក់ទុនវិនិយោគបង្កើតសាខាបន្ថែមនៅក្នុងខេត្តព្រះសីហនុ ខណៈពេលដែលប្រាក់ចំណេញរបស់ខ្លួននៅក្នុងឆមាសទី១ ឆ្នាំ២០២០ មានការធ្លាក់ចុះយ៉ាងគំហុក។ 

អាជីវកម្មល្បែងដ៏ធំ ប្រចាំនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងពីសំណាក់ក្រុមហ៊ុនមេ NAGA Corp បាន និងកំពុងរៀបចំផែនការមេ ដើម្បីបោះជំហានថ្មីចូលក្នុងទឹកដីមជ្ឈមណ្ឌលពាណិជ្ជកម្មពហុបំណង ខេត្តព្រះសីហនុ ស្របពេលដែលគម្រោងសាងសង់ Naga3 ដែលស្ថិតនៅក្បែរ Naga2 កំពុងតែមានវឌ្ឍនភាពទៅមុខជាបណ្ដើរៗ។ 

តាមរយៈរបាយការណ៍ដែលបង្ហាញពីចំណូលប្រចាំឆមាសទី១ នៃឆ្នាំ២០២០ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ម្សិលមិញបានបង្ហើបពីគម្រោងវិនិយោគថ្មីរបស់ខ្លួនថា បើទោះជាប្រាក់ចំណូលរបស់ខ្លួននៅក្នុងឆមាសទី១មានការធ្លាក់ចុះ ខណៈពេលដែលការព្យាករណ៍នៅក្នុងឆមាសទី២នៃឆ្នាំដដែលនៅតែបន្តការធ្លាក់ចុះក្ដី ប៉ុន្តែប្រតិបតិ្តិករសំខាន់របស់ក្រុមហ៊ុន Naga Corp កំពុងតែរៀបចំផែនការមេសម្រាប់ពង្រីកការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ហើយបន្ទាប់មកអាចបំបែកទៅដល់ខេត្តសៀមរាបផងដែរ។ 

របាយការណ៍ដដែលបានបង្ហាញថា ក្រុមហ៊ុន NagaCorp ដែលបានចុះបញ្ជីនៅហុងកុង អាចរកចំណូលបានចំនួន ៣៧៧.៥ លានដុល្លារក្នុងរយៈពេល ៦ ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ធ្លាក់ចុះ ៥៧,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញពីប្រតិបត្តិការបានធ្លាក់ចុះជិត ៨៦%ស្មើនឹងប្រមាណ ៣៩,៣ លានដុល្លារ ខណៈដែលប្រាក់ចំណេញក្រោយបង់ពន្ធបានធ្លាក់ចុះ ៩១,៦ % សល់ត្រឹម ២០,៦ លានដុល្លារ៕