ក្រុមហ៊ុនអាជីវកម្មចល័ត MVL ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់អាសុីអាគ្នេយ៍បានទទួលប្រាក់វិនិយោគទុនបន្ថែម5លានដុល្លារក្នុងកិច្ចព្រមព្រៀងមួយថ្មីៗនេះដែលវិនិយោគដោយក្រុមហ៊ុន Central។ មកទល់ពេលនេះក្រុមហ៊ុន​ MVL បានទទួលប្រាក់វិនិយោគទុនសរុបចំនួន 13.4 លានដុល្លារហើយក្នុងរយៈពេល 2ឆ្នាំនៃដំណើរការសេវាកម្មរបស់ខ្លួន។

MVL មានអ្នកប្រើប្រាស់រហូតដល់ទៅ 600,000 នាក់នៅក្នុងប្រទេសសិង្ហបុរី, វៀតណាម​ និងកម្ពុជា ជាមួយនឹងគោលការណ៍សេវាកម្មមិនកាត់កម្រៃជើងសារដ៏ពិសេសរបស់ខ្លួន។​ MVL មានគម្រោងផលិតតុកតុកអេឡិចត្រូនិច ដើម្បីចែកចាយទៅក្នុងទីផ្សារអាសុីអាគ្នេយ៍ដោយសហការជាមួយក្រុមហ៊ុន Myung-shin ដែលជាក្រុមហ៊ុនផលិតយានយន្តអេទ្បិចត្រូនិចមួយមានរោងចក្រផលិតនៅប្រទេសកូរ៉េខាងត្បូង។

ផ្អែកលើហិរញ្ញប្បទាននេះMVL មានគម្រោងក្នុងការពន្លឿនផែនការរបស់ខ្លួនបន្ថែមទៀតក្នុងការផ្គត់ផ្គង់យានយន្តអេទ្បិចត្រូនិចនៅក្នុងទីផ្សារអាសុីអាគ្នេយ៍។ MVL មានគោលបំណងចែកចាយនិងលក់រហូតដល់ 10,000 តុកតុកអេទ្បិចត្រូនិចនៅក្នុងប្រទេសកម្ពុជាឆ្នាំក្រោយនេះ។

លោក Kay Woo, នាយក​ប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា: “ការមិនកាត់កម្រៃជើងសារពីអ្នកបើកបរគឺជាអត្ថប្រយោជន៍ធំបំផុតរបស់ TADA។ ជាមួយនឹងគោលការណ៍មិនកាត់កម្រៃជើងសារនេះយើងនឹងអាចចែកចាយតុកតុកអេទ្បិចត្រូនិចនេះយ៉ាងលឿនទៅកាន់អ្នកប្រើប្រាស់កម្មវិធីរហូតដល់600,000 នាក់ និងនាំចូលចល័តភាពបែបច្នៃប្រឌិតថ្មីមកកាន់ទីផ្សារអាសុីអាគ្នេយ៍៕”​