ការប្រកួតវគ្គជម្រុះ (Play-Off) រវាងក្រុមជម្រើសជាតិកម្ពុជា និងកោះហ្គាំនេះ គឺដោយលទ្ធផលកម្ពុជាឈ្នះ ១-០។ ការប្រកួតនេះ គឺដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសចិន (AFC Asian Cup China 2023)។ ក្រោយការប្រកួតរួចមក ក្រុមគោព្រៃកម្ពុជា ក៏ទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១-០។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការអបអរសាទរចំពោះក្រុមកីឡាបាល់ទាត់កម្ពុជា ដែលប្រកួតឈ្នះក្រុមកីឡាករបាល់ទាត់ កោះហ្គាំ របស់សហរដ្ឋអាមេរិក នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នេះផងដែរ។

នៅលើផេកផ្លូវការថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា «ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករ កោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន»។