ខេត្តកណ្ដាល៖ នៅថ្ងៃសុក្រ​ ត្រូវនឹងថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេ​សាប​ និងក្រុមការងារ​នាយកដ្ឋាន​ជលសាស្ត្រ​ និងការងារទន្លេ​ បានចុះពិនិត្យ​សកម្មភាព​ការពារច្រាំងទន្លេមេគង្គ​បន្ទាន់​ នៅភូមិពាម​ ឃុំរការកោង១​ ស្រុកមុខកំពូល​ ខេត្តកណ្តាល​ ដែលរងការបាក់ច្រាំង​ទន្លេ​ប្រវែង​ ៣៥ម៉ែត្រ​ និងបាក់ចូលដល់ផ្លូវលេខ​ 70A​ នៅ​វេលាយប់ថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កន្លងមកនេះ​ ។

ចាប់ថ្ងៃនោះមកដល់ពេលនេះ​ ក្រុមការងារ​ ក្រសួង​ធនធានទឹក​ និងឧតុនិយម​ បានប្រឹងប្រែងយ៉ាងសកម្ម​ដេីម្បី​ធ្វេីការទប់ការពារច្រាំងទន្លេ​ ដោយបានចាក់ខ្សាច់បំពេញជេីងទេរច្រាំង​ និងរៀបដាក់បាវ​ខ្សាច់​ Geotextile Bags ដេីម្បីពង្រឹងច្រាំង​ទន្លេឡេីងវិញ​ បានប្រមាណ​ 30%​ ហេីយ​។

សូមបញ្ជាក់ថា​ ក្រសួង​ធនធានទឹក​ និងឧតុនិយម​ នឹងរៀបចំការពារច្រាំងទន្លេឲ្យរឹងមាំ​នៅតំបន់នេះ​ប្រវែង​ ៨០០​ម៉ែត្រ​ ដែលមាន​ ២ជំហាន​ (ជំហានទី​១​ ប្រវែង​ ៤១០​ម៉ែត្រ​ និងជំហានទី២​ ប្រវែង​ ៣៩០ម៉ែត្រ​) ដោយរៀបដាក់ប្រអប់ថ្ម​ (Gabion Boxs) នៅរដូវប្រាំងនេះ​ខាងមុខនេះ​ ៕