សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទខ្លីរហ័ស

រាជធានីភ្នំពេញ៖ ក្នុងថ្ងៃទី២៨ មេសានេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីវិជ្ជមានកូវីដ១៩ ចំនួន ៦៩៨នាក់បន្ថែមទៀត (ម្នាក់ធ្វើដំណើរពីក្រៅប្រទេស) និងមានអ្នកជាសះស្បើយ ៩៩៤នាក់ និងករណីស្លាប់ ៦នាក់។ ការឆ្លងនេះ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ដែលមិនធ្លាប់មានកត់ត្រា​នៅកម្ពុជា។ ក្នុងតួលេខនៃការឆ្លងថ្មីនេះ រាជធានីភ្នំពេញមានអ្នកឆ្លង ៥៥៤នាក់ និងខេត្តកណ្ដាល ៧២នាក់ និងបន្ទាយមានជ័យ ៤៣នាក់ ដែលខ្ពស់ជាងខេត្តផ្សេងៗ។

ក្នុងសេចក្ដីប្រកាសជាផ្លូវការបានបង្ហាញថា អ្នករងចាំកន្លែងព្យាបាលមានដល់ ៣៧៧៣នាក់ និងតួលេខនៃការស្លាប់សរុបអ្នកស្លាប់ ​៨៨នាក់។ ​មកទល់ថ្ងៃនេះ សរុបកំពុងព្យាបាល  ៦៩៦៨នាក់ និងអ្នកជាសះស្បើយសរុប ៤៦៩៨នាក់។

សូមជម្រាបជូនដែរថា ទិន្នន័យការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស គិតត្រឹមយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១​ សរុបចាក់បានចំនួន៖ ១,២៩៨,៨៥១នាក់  ក្នុងនោះមាន ក្រសួងសុខាភិបាលចាក់បាន ១,០០៤,៣០៨នាក់ នាក់ និងក្រសួងការពារជាតិ ចាក់បាន ២៩៤,៥៤៣នាក់ ។ 

តួលេខនៃការចាក់វ៉ាក់សាំងនេះ បានបង្ហាញពីការនាំមុខ នៃការចាក់វ៉ាក់សាំងការពារកូវីដដល់ពលរដ្ឋរបស់ខ្លួនដែលមានជាង១២ភាគរយ ធៀបនឹងប្រទេសអា៊សានដទៃទៀត និងបន្ទាប់ពីសិង្ហបុរីដែលចាក់បានច្រើនបំផុតដល់ ជាង ៣០ភាគរយ៕