រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ពីការចាក់វា៉ក់សាំងការពារកូវីដ១៩ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំកកកុញចាក់នៅតាមមន្ទីរពេទ្យរបស់រដ្ឋធំៗ។
សម្រាប់ប្រជាជនដែលមានវ័យ ចាប់ពី ៦០ឡើងទៅ ត្រូវទទួលចាក់វាក់សាំងកូវីដ១៩ AstraZeneca ដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដោយកន្លែងចាក់វ៉ាក់សាំងមាននៅតាមមន្ទីរពេទ្យខាងក្រោម៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យកុមារជាតិ, នៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត, មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិតគេហដ្ឋានលោកអ្នកចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសចំណុះស្នងការរាជធានី/ខេត្ត មន្រ្តីរាជការស៊ីវិលជួរមុខ និងមន្រ្តីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន អាជ្ញាធរខេត្ត ស្រុក ឃុំ/សង្កាត់ ភូមិ កម្មករប្រមូលសម្រាម ដែលមានអាយុ ១៨ ដល់ ៥៩ ឆ្នាំ សូមបន្តទទួលចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅតាមមន្ទីរពេទ្យបង្អែក រាជធានីខេត្ត និងស្រុកប្រតិបត្តិ ដែលនៅជិតលោកអ្នក៕