រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការ ឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ភាគរយ ក្នុងរយៈពេល១ឆ្នាំ និងគ្មានការលើកលែងទៀតឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកលែងបន្ធូរបន្ថយ និងដោះលែងរថយន្ត ចំនួន ២២៩គ្រឿង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មកម្ដងរួចហើយ។ ប៉ុន្ដែ រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី២០ភាគរយ ចំនួន៧៥គ្រឿង នៅតែបន្ដល្មើសច្បាប់ និងត្រូវបានឃាត់ជាថ្មី។

ក្រសួងក៏បានអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ចូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋាន ជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាមការក្រើនរម្លឹកសារថ្មីនៃសេចក្តីជូនដំណឹងនេះឲ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖ ក្រសួង បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូចនៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ៕