រាជធានីភ្នំពេញ៖ នាថ្ងៃទី២៦ ខែកក្កដា នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។
ក្រសួង បានបង្ហាញពីលទ្ធផលនៃការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុ និងការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយបានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។
ក្រសួង ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។
ក្រសួង បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ផងដែរ។