រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នាព្រឹកនេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីបុរសជនជាតិខ្មែរម្នាក់បានស្លាប់ ដោយសារជម្ងឺកូវីដ១៩ នេះជាដំណឹងដ៏សោកស្ដាយ និងបន្ទាប់ពីការគ្រប់គ្រងស្ថានភាពនៃវិបត្តិនេះបានយ៉ាងល្អ ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ហើយនេះបានក្លាយជាករណីនៃការស្លាប់ដំបូង។
បុរសជនជាតិខ្មែរម្នាក់នេះ មានអាយុ ៥០ឆ្នាំ ដែលជាអ្នកបើកបរឲ្យជនជាតិចិន (វិជ្ជមានកូវីដ១៩ ជាប់ករណីសហគមន៍ ២០កុម្ភៈ ) បានទទួលមរណភាព នៅម៉ោងប្រមាណ ១០៖៤០នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលក្រសួងប្រកាសថា នេះជាករណីស្លាប់លើកទី១នៅកម្ពុជា ដោយសារជម្ងឺកូវីដ១៩។ សពនេះ មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី ធ្លាប់មានប្រសាសន៍កន្លងមកថា ក្នុងករណីដែលមាន អ្នកដែលបានស្លាប់ដោយសារកូវីដ១៩ នឹងត្រូវសម្រេចឲ្យធ្វើការបូជាសពជាចាំបាច់ លើកលែងករណី ជនជាតិខ្មែរអ៉ីស្លាម ។
សូមជម្រាបដែរថា បុរសដែលបានស្លាប់ម្នាក់នេះ (ឈ្មោះ ឡៅ វណ្ណា ដែលមានតួនាទីក្នុងនាយកដ្ឋានអង្គរក្ស ) ត្រូវបានពិនិត្យឃើញថា បានឆ្លងជម្ងឺកូវីដ១៩ កាលពីថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០២១ ៕