រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២១ រាជធានីខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។ នេះបើតាម ការព្យាករណ៍ជាប្រចាំសប្ដាហ៍ពី ក្រសួងធនធានទឹក និងឧតុនិយម ។

ក្នុងដើមខែកញ្ញា ២០២១នេះ កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពល ធាតុអាកាសនៃប្រព័ន្ធសម្ពាធទាបជាបន្តបន្ទាប់ ដូចជា៖ ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង, ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង, ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ, ខ្យល់សមុទ្រ ( Sea Breeze )។

បន្ថែមពីនេះ វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។