រាជធានីភ្នំពេញ៖ គិតត្រឹមរយៈពេល៧ខែឆ្នាំ២០២១នេះ លទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាព CMACបានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានធ្វើការរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់សរុបចំនួន៦៤.៥៦២.៥៣៩ ម៉ែត្រក្រឡា ស្មើនឹង៩៨,៦០% នៃផែនការ៧ខែក្នុងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍នៃកិច្ចប្រជុំប្រចាំខែរបស់អង្គភាពCMAC។
កិច្ចប្រតិបត្តិការនេះរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៣១,៦៦៥គ្រាប់។ ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន៨.៩៩៧លើក ស្មើនឹង៣០០.៤៣០ខ្នងផ្ទះ និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៦០មុឺននាក់។ ជាមួយគ្នានេះ ក្នុងន័យពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់អង្គភាពផងនោះ នៅដើមឆ្នាំ២០២១នេះ អង្គភាពបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដផងដែរ។
តាមប្រភពដដែល ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ អង្គភាពមានលទ្ធភាពបន្ដកៀគរជំនួយ និងអនុវត្តគម្រោងកម្មវិធីនានាសរុបចំនួន៤៣គម្រោង ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួន២៣គម្រោង គម្រោងកំពុងចរចាមានចំនួន១០គម្រោង គម្រោងដែលរំពឹងទុកមានចំនួន៤គម្រោង។
ជារួម ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពទាំងមូលក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះអាចដំណើការបាននិងមិនប៉ះពាល់ដល់កម្លាំងប្រតិបត្តិការឡើយ ទោះបីគម្រោងមួយចំនួនមានការយឺតយ៉ាវខ្លះក៏ដោយ៕