រាជធានីភ្នំពេញ៖ ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងរយៈពេល ១១ខែឆ្នាំ២០២១ មានប្រមាណជាង ៣០លានដុល្លារ កើនឡើងប្រហែល ១៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើទិន្នន័យរបស់កំពង់ផែស្វយ័តភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
ទិន្នន័យពីកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា ក្នុងចំណោមចំណូលទាំងនោះរួមមាន ចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួន ២៤,៣៧លានដុល្លារ កើន ១៦ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២០, ចំណូលពីអាជ្ញាធរផែ ៣,២៣លានដុល្លារ ធ្លាក់ចុះ ៣ភាគរយ, ចំណូលពីសេវាកម្មផ្សេងៗ ៣០ម៉ឺនដុល្លារ កើន ៨៩ភាគរយ និងចំណូលផ្សេងៗ ២,៤៧លានដុល្លារ កើន ១២ភាគរយ។
សម្រាប់ខែវិច្ឆិកា ប្រាក់ចំណូលសរុបដែលកំពង់ផែស្វយ័តភ្នំពេញ ទទួលបានមានចំនួន ២,៧៦លានដុល្លារ កើនឡើង ១៩ភាគរយ ពីចំនួន ២,៣៣លានដុល្លារ រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះចំណូលពីប្រតិបត្តិការផែ មានចំនួន ២,២៩លានដុល្លារ កើន ២៤ភាគរយ។
សូមជម្រាបជូនដែរថា ប្រាក់ចំណូលប្រចាំឆ្នាំ២០២០ របស់ ក.ស.ភ (មិនទាន់ធ្វើសវនកម្ម) មានចំនួន ២៩,៤៨ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយបើធៀបនឹង ៣១,៣១ លានដុល្លារ (ធ្វើសវនកម្មរួច) កាលពីឆ្នាំ ២០១៩៕