ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០២១ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួនជាង ៦២, ៣២២ដុល្លារ ដែលក្នុងនោះមាន ប្រាក់រៀលចំនួន ១០៤ ៤០៩ ៥០០ (មួយរយបួនលាន បួនរយប្រាំបួនពាន់ ប្រាំរយ) រៀល និង ៣៦ ២២០ (សាមសិបប្រាំមួយពាន់ ពីររយម្ភៃ) ពីសប្បុរសជនសរុប ៤ ៩៤៧ រូប ដែលរួមមានសមាជិកគាំទ្រ ២ ៨៥៨ រូប និងសប្បុរសជនផ្សេងៗ ២ ០៨៩ រូប។ 

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ 

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូរដែលរួមមាន ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ Sathapana, ធនាគារ Wing និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។