រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត បានដឹកមកដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសគឺក្នុងយុទ្ធនាការថ្នាក់ជាតិដើម្បីចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម។

នេះជាជុំទី៣ហើយ ដែលវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់ប្រទេសចិន បានមកដល់។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។

មកទល់ថ្ងៃនេះ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជាយន្តការខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។

សូមជម្រាបជូនដែរថាមកដល់ត្រឹមយប់ទី ២៨មេសា កម្ពុជា បានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានប្រមាណជា ១លាន៣សែននាក់រួចហើយដែរ៕