(អាមេរិក)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កកើនឡើងដល់ចំនួន១០,៣៣៥នាក់ហើយ ខណៈអ្នកឆ្លងកើនលើស៣៥ម៉ឺននាក់  យោងតាមទិន្នន័យពី សកលវិទ្យាល័យ Johns Hopkins ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

ទិន្នន័យនោះ ក៏បង្ហាញដែរថា នៅលើពិភពលោក ចំនួនសរុបអ្នកឆ្លងកើនដល់ជាង១.៣លាននាក់ និងចំនួនអ្នកស្លាប់មានជាង៧ម៉ឺននាក់។

អាមេរិក ដោយមានករណីស្លាប់ថ្មីចំនួន៧៥៥នាក់បន្ថែមទៀត បានធ្វើឲ្យចំនួនស្លាប់ដោយសារវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក ដល់ចំនួន១០៣៣៥នាក់នេះ។

រីឯប្រទេសបារាំង ក្នុងរយៈពេល២៤ម៉ោង មានករណីស្លាប់ដោយសារកូវីដរហូតដល់ ៨៣៣នាក់ ធ្វើឲ្យចំនួនតួលេខស្លាប់កើនដល់៨៩១១នាក់ ខណៈការឆ្លងជំងឺនេះ បានកើនដល់ជិត១០ម៉ឺនករណីនៅប្រទេសបារាំង៕