រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១០មេសា នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការអន្តរាគមន៍បន្ថែមសម្រាប់គ្រួសារដែលមានអ្នកជំងឺស្លាប់ដោយសារកូវីដ គ្រួសារអ្នកជំងឺកូវីដ និងអ្នកដែលត្រូវធ្វើចត្តាឡីស័ក ក្នុងតំបន់ដែលបានបិទខ្ទប់ ដែលកម្មវិធីជួយដោះស្រាយការលំបាកនេះ ត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។
- គ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩ រដ្ឋនឹងបង់ជំនួសទឹក អគ្គិសនី ក្នុងកម្រិតសមរម្យមួយរយៈពេល៥ខែ បន្ថែមលើយន្តការដែលមានស្រាប់។
- គ្រួសារដែលមានសមាជិកកើតជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងអគ្គិសនី ក្នុងកម្រិតសមរម្យរយៈពេល៣ខែ ចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩។
- គ្រួសារដែលត្រូវធ្វើចត្តាឡីស័កកន្លែងតំបន់ត្រូវបិទខ្ទប់នោះ រដ្ឋនឹងជួយ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ និងបង់ជំនួសថ្លៃទឹក និងអគ្គិសនី ក្នុងកម្រិតសមរម្យ ២ខែ។
ក្រៅពីការឧបត្ថម្ភថវិកា និងជួយចេញថ្លៃទឹកភ្លើងហើយនោះ រដ្ឋក៏ជួយអង្ករ ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ សម្រាប់អ្នកធ្វើចត្តាឡីស័ក។
នៅព្រឹកនេះ សម្តេចតេជោបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុង ផងដែរ៕